ក្រសួងប្រៃសណីយ៍នឹងរៀបចំកម្មវិធីប្រកួតថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ ប្រចាំឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងសមត្ថភាព ចំណេះដឹង និងមូលធនឌីជីថលក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់ ក.ប.ទ. នឹងរៀបចំ “កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026)” ដែលនឹងចែកចេញជា ២វគ្គគឺ “ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)” និង “ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦”។
១.ទិដ្ឋភាពទូទៅនៃកម្មវិធីកម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ គឺជាកម្មវិធីប្រកួតប្រជែងលក្ខណៈជាក្រុមដែលមានទម្រង់ Jeopardy ដោយតម្រូវឱ្យក្រុមនីមួយៗ ចូលរួមដោះស្រាយបញ្ហាសន្តិសុខ (Security Challenges) ទៅលើដែនដូចជា វិស្វកម្មបញ្ច្រាស (Reverse Engineering) គ្រីបតូក្រាហ្វ៉ី (Cryptography) សន្តិសុខគេហទំព័រ (Web Security) កោសល្យវិច័យ (Forensics) ឬការកេងប្រវ័ញ្ចកម្មវិធីប្រព័ន្ធគោលពីរ (Binary Exploitation) ជាដើម ដោយស្វែងរកបំណែកនៃព័ត៌មានហៅថា “Flag” ដែលលាក់នៅក្នុងលំហាត់នីមួយៗ។
២.លក្ខខណ្ឌនៃការជ្រើសរើស
- ត្រូវមានសញ្ជាតិខ្មែរ (ស្ត្រីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ)
- ត្រូវចូលរួមប្រកួតជាក្រុមដោយមានសមាជិកចំនួន ២-៤នាក់/ក្រុម
- ត្រូវបំពេញព័ត៌មាន និងទម្រង់បែបបទចូលរួមប្រកួតឱ្យបានត្រឹមត្រូវនិងពេញលេញ
- ត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌនៃការប្រកួត។
៣.អត្ថប្រយោជន៍នៃការប្រកួតប្រជែង
· វគ្គទី១ “ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)” ក.ប.ទ. នឹងជ្រើសរើសក្រុមឆ្នើមចំនួន ៣ក្រុម ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដូចខាងក្រោម៖
- ក្រុមជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០(មួយពាន់) ដុល្លារអាម៉េរិកគត់
- ក្រុមជ័យលាភីលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧០០ (ប្រាំពីររយ) ដុល្លារអាម៉េរិកគត់
- ក្រុមជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០ (ប្រាំរយ) ដុល្លារអាម៉េរិកគត់
- ក្រុមដែលមានពិន្ទុខ្ពស់ចំនួន ៣០ក្រុម នឹងត្រូវបានជ្រើសរើសទៅចូលរួមការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៦។
· វគ្គទី២ “ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៦” ក.ប.ទ. នឹងជ្រើសរើសក្រុមឆ្នើមចំនួន ៣ក្រុម ដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖
- ក្រុមជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២.០០០ (ពីរពាន់) ដុល្លារអាម៉េរិកគត់
- ក្រុមជ័យលាភីលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.០០០ (មួយពាន់) ដុល្លារអាម៉េរិកគត់
- ក្រុមជ័យលាភីលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០ (ប្រាំរយ) ដុល្លារអាម៉េរិកគត់
- ក្រុមឆ្នើមចំនួន ៥ក្រុម នឹងទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៨សប្តាហ៍ និងឱកាសចូលរួមការប្រកួតប្រជែងថ្នាក់តំបន់។

៤.កាលបរិច្ឆេទ និងនីតិវិធីនៃការជ្រើសរើស
- ក្រុមនីមួយៗ ត្រូវដាក់ពាក្យចូលរួមការប្រកួតប្រជែងតាមរយៈ https://go.gov.kh/mptc/cncc2026 ឬស្កេន QR Code ខាងក្រោមចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៥៩ នាទី។
- ក្រុមនីមួយៗ ត្រូវចូលរួមប្រកួតក្នុងវគ្គទី១ “ការប្រកួតសាយប័រអារីណា២០២៦ (Cyber Arena 2026)” តាមប្រព័ន្ធអនឡាញនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
- ក្រុមចំនួន ៣០ ដែលបានជាប់ក្នុងការប្រកួតវគ្គទី១ ត្រូវប្រកួតបន្តក្នុងវគ្គទី២ “ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
- ព័ត៌មានបន្ថែមនឹងត្រូវជូនដំណឹងតាមរយៈអ៊ីមែល។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរសព្ទ៖ ០១៥ ៥២០ ៧០៧ (តេឡេក្រាម) ។
សេចក្តីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន សិស្សានុសិស្ស និងនិស្សិត ជ្រាបជាព័ត៌មាន និងចូលរួមដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ ៕


ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





