មន្ត្រីកម្ពុជា១៥នាក់ចូលរួមវគ្គព្រឹត្តិការណ៍កីឡាធំៗ-គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកីឡា នៅប្រទេសចិន ដែលមាន១៨ប្រទេសចូលរួម
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីកម្ពុជាសរុប ១៥នាក់បានចូលរួមពិធីបិទសិក្ខាសាលាស្តីពីការរៀបចំព្រឹត្តិការណ៍កីឡាធំៗ និងការថែទាំ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធកីឡា នៅទីក្រុងប៉េកាំង ប្រទេសចិន រយៈពេល១៤ថ្ងៃ ពីថ្ងៃទី១៣-២៦ ខែឧសភា ឆ្នាំ២០២៦ ដែលមាន១៨ប្រទេសចូលរួម។

គូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ពីទីក្រុងប៉េកាំងប្រទេសចិន តាមរយៈប្រព័ន្ធអនឡាញ លោក ហួត សេងទ្រី បានលើកឡើងថា វគ្គនេះគ្រូឧទ្ទេសបានចែករំលែកអំពីការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ដូចជាព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេមថាតើគេរៀបចំអ្វីខ្លះ មានគណៈកម្មការអ្វីខ្លះ ក៏ដូចជាបានចែករំលែកអំពីបទពិសោធន៍រៀបចំកីឡាអូឡាំពិករបស់ប្រទេសចិន ការរៀបចំព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត រួមទាំងកីឡាជាតិ ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិរបស់ប្រទេសចិនផងដែរ។

វគ្គសិក្ខាសាលានៅប្រទេសចិន មានសិក្ខាកាមចូលរួមមកពី១៨ប្រទេស សរុប ១០០នាក់ ក្នុងនោះមានសិក្ខាកាមរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្ត្រីពហុកីឡដ្ឋានជាតិរបស់កម្ពុជាចូលរួមចំនួន ១៥នាក់ ដោយមាន៧នាក់រៀនវគ្គបណ្តុះបណ្តាលស្តីការរៀបចំព្រឹត្តិការណ៍កីឡាធំៗ និង៨នាក់ចូលរួមវគ្គសិក្ខាសាលាស្តីពីហេដ្ឋារចនាសម្ព័ន្ធកីឡា។
លោក ហួត សេងទ្រី សង្កត់ធ្ងន់ថា បន្ទាប់ចូលរួមទទួលចំណេះដឹងរយៈពេល ១៤ថ្ងៃមកនេះ គឺយើងទាំងអស់គ្នាទទួលបានបទពិសោធន៍បន្ថែមទៀត ជាពិសេសគឺការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ដែលប្រទេសចិនបានចែករំលែក ហើយយើងនឹងយកទៅអនុវត្តការងារនៅកម្ពុជាស្របតាមស្ថានភាព បរិបទរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ជាមួយគ្នានេះ សិក្ខាកាមកម្ពុជានឹងយកចំណេះដឹង បទពិសោធន៍បន្ថែមលើការថែទាំហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលទទួលបានវគ្គសិក្ខាសាលាលក្ខណ់អន្តរជាតិមួយនេះយកទៅប្រើប្រាស់ និងអភិវឌ្ឍខ្លួននៅកម្ពុជាឱ្យកាន់តែល្អប្រសើរផងដែរ។

គួរបញ្ជាក់ថា សមាសភាពសិក្ខាកាមកម្ពុជាចំនួន ១៥នាក់មកពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិ ដែលនឹងវិលត្រឡប់មកដល់មាតុភូមិវិញ នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦៕
ដោយ ហេង ណាលីន





