កុមារ ១៦នាក់ទៀតស្លាប់ដោយសាររោគសញ្ញាដូចជំងឺកញ្ជ្រឹលនៅបង់ក្លាដែស
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ -- អាជ្ញាធរសុខាភិបាលបង់ក្លាដែស កាលពីថ្ងៃអាទិត្យបានកត់ត្រាករណីស្លាប់របស់កុមារចំនួន ១៦នាក់បន្ថែមទៀតដែលមានរោគសញ្ញាដូចនឹងជំងឺកញ្ជ្រឹល ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៥២៨នាក់ចាប់តាំងពីពាក់កណ្តាលខែមីនា។
ក្នុងចំណោមអ្នកស្លាប់ថ្មីទាំងនោះ មាន ១០នាក់មកពីផ្នែកដាកា ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២២៤នាក់នៅក្នុងផ្នែកនេះតែមួយ។នេះបើយោងតាមអគ្គនាយកដ្ឋានសេវាសុខាភិបាល។
ក្នុងរយៈពេល ២៤ម៉ោង ករណីថ្មីនៃជំងឺកញ្ជ្រឹល និងរោគសញ្ញាកញ្ជ្រឹលចំនួន ១.៤៣៤ករណីត្រូវបានចុះបញ្ជីនៅទូទាំងប្រទេស។
ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងដែលមានប្រជាជន ១៧៥លាននាក់មួយនេះ បានតស៊ូដើម្បីបញ្ជាក់ពីការឆ្លងយ៉ាងឆាប់រហ័ស ដោយសារតែកង្វះឧបករណ៍ធ្វើតេស្ត។
ចាប់តាំងពីថ្ងៃទី១៥ ខែមីនា កុមារសរុបចំនួន ៤៤២នាក់បានស្លាប់នៅក្នុងប្រទេសនេះដោយសារតែរោគសញ្ញាដូចនឹងជំងឺកញ្ជ្រឹល ដោយមាន៨៦នាក់បានបាត់បង់ជីវិតបន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺកញ្ជ្រឹល។
កុមាររហូតដល់ ៦៣.៨១៣នាក់ត្រូវបានរាយការណ៍ពីរោគសញ្ញានៃជំងឺកញ្ជ្រឹលក្នុងរយៈពេលដូចគ្នា ដោយក្នុងនោះ កុមារ ៥០.៥៥៨នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង ៤៦.២១៤នាក់បានជាសះស្បើយ។
ជំងឺកញ្ជ្រឹល គឺជាជំងឺវីរុសដែលឆ្លងខ្លាំង ដែលភាគច្រើនប៉ះពាល់ដល់កុមារ ហើយអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ រួមទាំងជំងឺរលាកសួត ការរលាកស្រោមខួរក្បាល និងការស្លាប់ ជាពិសេសក្នុងចំណោមកុមារដែលខ្វះអាហារូបត្ថម្ភ ឬមិនបានចាក់វ៉ាក់សាំង។
ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងដល់កុមារជាង ១៨,៤៤លាននាក់រួចហើយ ធៀបនឹងគោលដៅដំបូងរបស់រដ្ឋាភិបាលចំនួន ១៨លាននាក់ ដែលបានកំណត់ដោយកិច្ចពិគ្រោះយោបល់ជាមួយអង្គការយូណេសេហ្វ(UNICEF) អង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។
ការិយាល័យអង្គការយូណេសេហ្វនៅទីក្រុងដាកា បានកំណត់អត្តសញ្ញាណការគ្របដណ្តប់វ៉ាក់សាំងមិនល្អអស់រយៈពេលជាច្រើនឆ្នាំ កង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារ និងម្តាយ រួមជាមួយនឹងអត្រាបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខក្នុងកម្រិតទាប ដែលជាកត្តានៅពីក្រោយការឆ្លងមេរោគរីករាលដាល និងភាពស៊ាំចុះខ្សោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





