រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាននឹងថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពេលដែលមានការសម្របសម្រួលសង្គ្រាមជាមួយអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក អ៊ីស្សាក ដារ (Ishaq Dar) នឹងថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះ ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ការជជែកដេញដោលដែលមានប្រធានបទ «ការលើកកម្ពស់គោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពង្រឹងប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ» នឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)។
ប្រទេសចិន ដែលជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំងប្រាំ គឺជាប្រធានក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក១៥រូប។
លោក ដារ នឹងនៅទីក្រុងញូវយ៉កចន្លោះថ្ងៃទី២៦ និងថ្ងៃទី២៨ខែឧសភា ជាកន្លែងដែលក្រៅពីការជជែកដេញដោលរបស់ក្រុមប្រឹក្សាសន្តិសុខ លោកក៏នឹងចូលរួមក្នុងកិច្ចប្រជុំក្រុមមិត្តភក្តិរបស់អង្គការសហប្រជាជាតិផងដែរ។
លោក ដារ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា«ទន្ទឹងរង់ចាំការចូលរួមប្រកបដោយស្ថាបនានៅទីក្រុងញូវយ៉កទៅលើការអភិវឌ្ឍសំខាន់ៗក្នុងតំបន់ និងសកលលោក»។
កិច្ចប្រជុំនេះកើតឡើងនៅពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែបន្តកើតមានជាមួយនឹងបទឈប់បាញ់ដ៏ផុយស្រួយ ដែលធានាដោយប៉ាគីស្ថាននៅថ្ងៃទី០៨ ខែមេសា ដោយទប់ស្កាត់ការប្រយុទ្ធដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានផ្តួចផ្តើមការវាយប្រហារយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់។
ទីក្រុងអ៊ីស្លាម៉ាបាដបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីនាំមកនូវកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





