ប្រធានាធិបតីអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងមិនទទួលយកការទាមទារហួសហេតុនៅក្នុងកិច្ចចរចារបស់សហរដ្ឋអាមេរិកទេ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ -- ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian) បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់នឹងមិនទទួលយកការទាមទារហួសហេតុដោយសហរដ្ឋអាមេរិកនៅក្នុងកិច្ចចរចា ដែលសម្របសម្រួលដោយប៉ាគីស្ថាននោះទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍។
លោក ប៉េហ្សេសគីអាន់ បានថ្លែងក្នុងអំឡុងពេលជួបជាមួយសមាជិកនៃសភាពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និងកសិកម្មអ៊ីរ៉ង់ថា «កិច្ចចរចាត្រូវបានគ្រោងទុកតាមរបៀបដែលសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់ត្រូវបានធានាយ៉ាងពេញលេញ»។
លោកបានអះអាងថា «ទោះបីជាសត្រូវបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើសង្គ្រាមសេដ្ឋកិច្ចបន្ទាប់ពីការបរាជ័យផ្នែកយោធាក៏ដោយ ក៏រដ្ឋាភិបាល និងវិស័យឯកជន ដោយធ្វើការរួមគ្នាដោយសាមគ្គីភាព ការយល់ចិត្ត និងកិច្ចសហប្រតិបត្តិការ ក៏នឹងឆ្លងកាត់ដំណាក់កាលនេះដោយជោគជ័យផងដែរ»។
ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់កាលពីខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកវិញដោយការវាយប្រហារដែលកំណត់គោលដៅលើអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រហ័រមុស។
បទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី០៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ហើយក្រោយមកត្រូវបានពង្រីកដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដោយគ្មានពេលកំណត់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





