លោក ពូទីន និងព្រះមហាក្សត្រនៃប្រទេសបារ៉ែន បញ្ជាក់សារជាថ្មីអំពីកិច្ចសហប្រតិបត្តិការ និងអំពាវនាវឱ្យមានដំណោះស្រាយការទូតចំពោះវិបត្តិអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងព្រះមហាក្សត្រនៃប្រទេសបារ៉ែន ព្រះអង្គម្ចាស់ ហាម៉ាដ ប៊ីនអ៊ីសា អាល់ ខាលីហ្វា បានបញ្ជាក់សារជាថ្មីកាលពីថ្ងៃចន្ទនៅក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរបស់ពួកគេពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និងកិច្ចការមនុស្សធម៌។
មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីការវិវត្តនៅមជ្ឈិមបូព៌ា និងបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ដំណោះស្រាយនយោបាយ និងការទូតយ៉ាងឆាប់រហ័សចំពោះវិបត្តិជុំវិញអ៊ីរ៉ង់ផងដែរ ខណៈដែលគិតគូរពីផលប្រយោជន៍របស់ប្រទេសទាំងអស់នៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Max របស់រុស្ស៊ី។
ភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់កាលពីខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកវិញដោយការវាយប្រហារដែលកំណត់គោលដៅលើអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រហ័រមុស។
បទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី០៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ហើយក្រោយមកត្រូវបានបន្តដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដោយគ្មានពេលកំណត់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





