ឧបនាយករដ្ឋមន្ត្រីចិនអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ APEC ដើម្បីវិបុលភាពរួម
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ -- ឧបនាយករដ្ឋមន្ត្រីចិនលោក ហេ លីហ្វេង (He Lifeng) បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម APEC នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូភាគខាងកើតប្រទេសចិន ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីវិបុលភាពរួមនៅក្នុងតំបន់។
លោក ហេ ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បាននិយាយថា ការផ្លាស់ប្តូរដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍កំពុងបង្កើនល្បឿន ហើយសមាជិក APEC អាចលើកកម្ពស់វិបុលភាពរួម និងសម្រេចបាននូវការអភិវឌ្ឍដែលបើកចំហ មានគុណភាពខ្ពស់ មានតុល្យភាព និងមានសុវត្ថិភាពលុះត្រាតែមានការរក្សាការគោរពគ្នា ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
លោក ហេ បានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីពង្រឹងការទំនាក់ទំនង និងការសន្ទនានៅក្នុងតំបន់ដែលកំពុងរីកចម្រើន គាំទ្ររួមគ្នាដល់កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តាមរបៀបជាក់ស្តែង និងអាចបត់បែនបាន។
លោកបានបន្ថែមថា ប្រទេសចិននឹងចូលរួមចំណែកថាមពលវិជ្ជមានបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកតាមរយៈសមិទ្ធផលថ្មីៗក្នុងទំនើបកម្មចិន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកក៏បានជួបពិភាក្សាជាមួយអគ្គនាយកអង្គការ WTO លោក ង៉ូហ្ស៊ី អូកូនចូ-អ៊ីវេឡា (Ngozi Okonjo-Iweala) និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី ស៊ូផាជី ស៊ូធុំផុន (Suphajee Suthumpun) ដោយផ្លាស់ប្តូរទស្សនៈលើបញ្ហាទាក់ទងនឹងអង្គការ WTO និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-ថៃ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





