ខេត្តព្រះសីហនុនឹងមានរោងចក្រកែច្នៃលោហៈធាតុគ្រឿងបង្គុំសម្រាប់ធ្វើអាគុយរថយន្តនៅពេលខាងមុខនេះ
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ ទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុ គ្រឿងបង្គុំ សម្រាប់ធ្វើអាគុយរថយន្តរបស់ក្រុមហ៊ុនភូ ហ្វេង ញូអេនើជី ថេកណូឡូជី ឯ.ក. (Pu Feng New Energy Technology Co.,LTD) ដែលមានទីតាំងនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមការបញ្ជាក់ឱ្យដឹងពីម្ចាស់សំណើរសុំបង្កើតគម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃលោហធាតុ គ្រឿងបង្គុំ សម្រាប់ផលិតអាគុយរថយន្តរបស់ក្រុម ហ៊ុនភូ ហ្វេង ញូអេនើជី ថេកណូឡូជី ឯ.ក. (Pu Feng New Energy Technology Co.,LTD) ។ នៅពេលរោងចក្រចាប់ផ្ដើមដំណើរការពេញសមត្ថភាព រោងចក្រមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណជា១០០នាក់។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធាន អនុគណៈកម្មាធិកាវិនិយោគខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធជួយសម្របសម្រួលដោយធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគប្រកបដោយនីតិវិធី និងផ្តល់ការប្រឹក្សាជាប្រចាំដល់អ្នកវិនិយោគ ដើម្បីឱ្យពួកគាត់មានទំនុកចិត្តដាក់ទុន វិនិយោគមកកាន់ខេត្តព្រះសីហនុស្របតាមកម្មវិធីពិសេសជម្រុញការវិនិយោគនៅខេត្តព្រះសីហនុរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត និងក្រុមការងារ ក៏បានសំណូមពរឱ្យក្រុមហ៊ុនត្រូវ៖
-ផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវា ប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ។
-រៀបចំអគារឱ្យមានខ្យល់អាកាសចេញចូលឱ្យបានល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងរោងចក្រផងដែរ ជាពិសេសបន្ថែមទៀតនោះ ត្រូវមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីចៀសវាងការបង្ហូរកាកសំណល់ប៉ះពាល់ដល់បរិស្ថានប្រជាពលរដ្ឋមូលដ្ឋាន ៕

ដោយ ងូ សុមុនី





