អង្គការ WWF ជំរុញឱ្យមានភាពជាដៃគូលើវិស័យថាមពល និងធនធានទឹកនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--បើតាមប្រភពពីអង្គការ WWF បានឱ្យដឹងនៅថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៦នេះថា យើងអាចសម្រេចបានលទ្ធផលកាន់តែប្រសើរនៅពេលធ្វើការរួមគ្នា ជាងការធ្វើការតែម្នាក់ឯង។ ដោយហេតុនេះហើយ ក្នុងវេទិកាពិភាក្សាដែលរៀបចំដោយអង្គការ WWF ស្តីពីការគ្រប់គ្រងថាមពល និងធនធានទឹក ប្រកបដោយនិរន្តរភាព មានស្ថាប័នចំនួន ១៦ បានចូលរួមប្រជុំពិភាក្សា ដើម្បីពង្រឹងភាពជាដៃគូរវាងអង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

ក្នុងវេទិកាស្តីពីការគ្រប់គ្រងថាមពល និងធនធានទឹកនេះ អ្នកចូលរួមបានពិភាក្សាលើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការលើកកម្ពស់ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ កិច្ចពិភាក្សាបានផ្តោតលើការអនុវត្តន៍គោលនយោបាយ ការលើកកម្ពស់ភាពប្រកួតប្រជែងទីផ្សារ និងការកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍន៍ជំនាញ ស្របពេលជួយកសាងសហគមន៍ និងប្រព័ន្ធអេកូឡូស៊ីដែលមានភាពធន់។

អង្គការ WWF សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនមកពី Liechtenstein Development Services (LED), WaterAid, EuroCham និង Green Move Consulting ដែលបានចែករំលែកទស្សនៈ និងបទពិសោធន៍ដ៏មានតម្លៃ ជំរុញឱ្យមានការពិភាក្សា និងការតភ្ជាប់បណ្តាញយ៉ាងសកម្មក្នុងវេទិកានេះ។ ជំហានបន្ទាប់អង្គការ WWF និងដៃគូ នឹងយកការឆ្លុះបញ្ចាំងនៃធាតុចូលទាំងនេះ ដើម្បីសកម្មភាពរួម សម្រាប់ អនាគតប្រកបដោយចីរភាពនៅកម្ពុជា ៕

ដោយ ណយ នឿន (ប្រភព៖WWF)





