ឯកឧត្តម កៅ ថាច៖ កសិករអាចចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលជាស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ
AKP កណ្តាល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករជាង៤៥៩នាក់នៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្តាល នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មនប្រសាសន៍ថា បងប្អូនប្រជាកសិករអាចចូលរួមជាមួយសមាគមបណ្តាញកសិករតេជោបាន ជាស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសំលេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន គៃចំណេញលើកសិករ។

ឯកឧត្តម ប្រតិភូ កៅ ថាច បានអំពាវនាវដល់កសិករនៅស្រុកអង្គស្នួល និងកសិករផ្សេងទៀតឱ្យចេះគិតថ្លៃដើមផលិត ដោយចេះសន្សំថ្លៃដើមចំណាយ ទើបធ្វើកសិកម្មមិនខាត ស្របពេលការឡើងថ្លៃប្រេងឥន្ធន: លើពិភពលោក និងជីគីមីបានជំរុញការចំណាយលើកសិកម្មកាន់តែខ្ពស់ ដូច្នេះកសិករយើងត្រូវងាកមករួមគ្នាផលិតជីធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បន្តថា ការជួបជុំនាថ្ងៃនេះ ក្នុងគោលបំណង ស្តាប់ពីកង្វល់របស់បងប្អូនលើវិស័យកសិកម្ម ហើយទោះបីជាស្រុកអង្គស្នួលមានសេដ្ឋកិច្ចរីកចម្រើនផ្នែកឧស្សាហកម្មច្រើននិងសេវាកម្ម ប៉ុន្តែក៏មិនភ្លេចកសិកម្មទេ ដែលត្រូវការដាំដុះឱ្យបានកាន់ច្រើនសម្រាប់បង្កើនជីវភាពប្រជាកសិករនិងការរស់នៅប្រចាំថ្ងៃ។ សព្វថ្ងៃនេះវិស័យកសិកម្មនៅតែជាវិស័យមួយក្នុងចំណោម សសរស្តម្ភ៣ជាជន្ទល់សេដ្ឋកិច្ចរួមមាន៖ វិស័យវាយនភណ្ឌកាត់ដេរ វិស័យទេសចរណ៍ និងសេវកម្មលើសពីនេះផលិតកម្មស្រូវក៏បានបន្តកើនឡើងជាបន្តបន្ទាប់ ដែលជាក់ស្តែងកាលពីឆ្នាំ២០២៥ កម្ពុជាយើងនាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង៩៤ម៉ឺនតោនទៅកាន់គោលដៅជាង៦០ ផ្នែកកសិកម្ម គឺទៅណាមិនឆ្ងាយពីកសិកម្មនោះឡើយ ដូចជា ការចិញ្ចឹមសត្វ ធ្វើស្រែ និងការកែច្នៃ បានជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។

លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា ខេត្តកណ្តាលមានប្រជាជនសរុប ១ ៣៨៤ ៤០០ នាក់ អ្នកប្រកបរបរកសិកម្មមានចំនួន ២៩ភាគរយ ផ្នែកសេវាកម្ម ២៦ភាគរយ និងផ្នែកឧស្សាហកម្ម សិប្បកម្ម ៤៥ភាគរយអ្នកធ្វើកសិកម្មសរុប ២៥៨ ៩៦២ នាក់ មុខរបរធ្វើស្រែមានចំនួន ២១,៨ភាគរយ ដាំដំណាំចំការរយៈពេលខ្លី និងវែង ១៤,៦ភាគរយ អ្នកដាំដំណាំបន្លែ ៤ភាគរយ អ្នកចិញ្ចឹមសត្វ ២,៤ភាគរយនិងអ្នកនេសាទ ២,៧ភាគរយ ដែលវិស័យកសិកម្មអាចរកចំណូលគិតជាមធ្យមចំនួន ៣៩៣ លានដុល្លារក្នុងមួយឆ្នាំ ដែលអាចចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តកណ្តាល មកត្រឹមតែ ៤,១៦ភាគរយ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





