ឯកឧត្តម កៅ ថាច៖ ពិភពលោកកំពុងប្រឈមនឹងបញ្ហាតម្លៃប្រេងឥន្ធនៈ ជីឡើងថ្លៃខ្ពស់ កសិករគួរនាំគ្នាផលិតជីធម្មជាតិ និងជីកំប៉ុស
AKP កណ្ដាល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងស្ថានភាពពិភពលោក កំពុងប្រឈមនឹងបញ្ហាតម្លៃប្រេងឥន្ធនៈ ជីឡើងថ្លៃដែលធ្វើឱ្យថ្លៃដើមផលិតក្នុងវិស័យកសិកម្មបានហក់ឡើងខ្ពស់ ដូច្នេះសូមកសិករពិចារណាក្នុងការស្វែងយល់ដោយខ្លួនឯង ក្នុងការប្រើប្រាស់ជីដែលចំណេញដល់ការធ្វើកសិកម្ម។ ដូច្នោះបងប្អូនប្រជាកសិករ គួរនាំគ្នាផលិតជីធម្មជាតិ និងជីកំប៉ុស ដោយខ្លួនឯងក្នុងសហគមន៍ឱ្យបានច្រើន ដើម្បីធានាគុណភាព និងសុវត្ថិភាព ដល់អ្នកបរិភោគ។

ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលមានប្រសាសន៍ដូចនេះក្នុងជំនួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាកសិករ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមពីលោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល អាជ្ញាធរក្រុង ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ការិយាល័យកសិកម្មក្រុង លោក-លោកស្រី មេភូមិ-ចៅសង្កាត់ និងបងប្អូនប្រជាកសិករផងដែរ។

ឯកឧត្តមបន្តថា ការជួបជុំនៅថ្ងៃនេះធ្វើឡើងក្នុងគោលបំណងណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។សមាគមបណ្តាញកសិករតេជោ ជាស្ពានចម្លងផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករគ្រប់ពេល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ ហើយការធ្វើកសិកម្មដែលទទួលបានផលចំណេញ ដោយជួយកសិករ ត្រូវដឹងពីរបៀបរកថ្លៃដើមផលិតឲ្យឃើញ ចេះសម្រេចចិត្តត្រឹមត្រូវក្នុងការលក់កសិផលថាចំណេញ ឬខាត។

កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ ក្នុងគ្រាដែលពិភពលោកកំពុងបាត់បង់សណ្តាប់ធ្នាប់និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចសកល ដូច្នេះកសិកម្មគឺជាឆ្នាំងបាយមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឆ្នាំងបាយសម្រាប់ពិភពលោកផងដែរ។ បញ្ហាប្រឈមនាពេលបច្ចុប្បន្ន គឺជាឱកាសល្អសម្រាប់ការធ្វើកសិកម្ម ជាមុខរបរដែលកំពុងពេញនិយម ហើយយើងត្រូវតែបង្កើនការផលិត ផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ គិតគូពីសុខភាពរបស់អ្នកប្រើប្រាស់ ដើម្បីឈានទៅដល់ការផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល។ ឯកឧត្តមបានជំរុញឱ្យកសិករចូលជាសមាជិកសមាគមបណ្តាញកសិករតេជោ ដើម្បីផលប្រយោជន៍របស់កសិករ និងបានសំណូមពរដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយសម្របសម្រួលឱ្យកសិករអាចចូលជាសមាជិកបានលឿនផងដែរ។

លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានឱ្យដឹងថា វិស័យជលផលត្រូវបានបែងចែកជាពីរគឺផលបានមកពីធម្មជាតិ និងការធ្វើវារីវប្បកម្ម ដែលផលចាប់ពីធម្មជាតិ មានដូចជាការនេសាទលក្ខណៈគ្រួសារក្នុងដែននេសាទ ការនេសាទលក្ខណៈគ្រួសារតាមទីវាល និងការនេសាទ លក្ខណៈដាយត្រីបានសរុបចំនួន ២៤ ៤០៧តោន ចំណែកការធ្វើវាវីវប្បកម្មបច្ចុប្បន្នមានកសិករ ចំនួន ៥៥១គ្រួសារ ដោយធ្វើការចិញ្ចឹមតាមស្រះចំនួន ៤៩៣ស្រះ តាមបែចំនួន ៤៧៩ ដោយចិញ្ចឹមប្រភេទត្រីប្រា ត្រីពោ ត្រីសណ្តាយ ក្រពាត់ ត្រីរស់ ត្រីឆ្តោរ ខ្សា ត្រីអណ្តែង អន្ទង់ កន្ធាយ ពស់ចាន់ល្មម ក្រពើ បង្កង និងត្រីចម្រុះជាច្រើនទៀត ទទួលបានផលសរុបចំនួន ៣៤ ៤៩៣ តោន ដែលអាចធ្វើការកែច្នៃជាផលិតផលផ្សេងៗបានចំនួន ៦ ២២៧ តោន ផងដែរ។ លោកអភិបាលរងខេត្តបានបន្តថា ខេត្តកណ្តាលមានប្រជាជនសរុប ១ ៣៨៤ ៤០០ នាក់ អ្នកប្រកបរកសិកម្មមានចំនួន ២៩ភាគរយ ផ្នែកសេវាកម្ម ២៦ភាគរយ និងផ្នែកឧស្សាហកម្ម-សិប្បកម្ម ៤៥ភាគរយ អ្នកធ្វើកសិកម្មសរុប ២៥៨ ៩៦២នាក់ មុខរបរធ្វើស្រែមានចំនួន ២១,៨ភាគរយ ដាំដំណាំចំការរយៈពេលខ្លី និងវែង ១៤,៦ភាគរយ អ្នកដាំដំណាំបន្លែ ៤ភាគរយ អ្នកចិញ្ចឹមសត្វ ២,៤ភាគរយ និងអ្នកនេសាទ ២,៧ភាគរយដែលវិស័យកសិកម្មអាចរកចំណូលគិតជាមធ្យមចំនួន ៣៩៣ លានដុល្លារក្នុងមួយឆ្នាំ ដែលអាចចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តកណ្តាលមកត្រឹមតែ ៤,១៦ភាគរយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)




