លោកឧត្តមសេនីយ៍ទោ ហេង សុផល អំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមសហការពាក់ព័ន្ធការងារសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ
AKP កំពង់ធំ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦-- លោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំបានអំពីលាវដល់ប្រជាពលរដ្ឋចូលរួមសហការពាក់ព័ន្ធនិងការងារសន្តិសុខនៅតាមទីតាំងរស់នៅប្រមូលផ្តុំក្នុងឱកាសដែលលោកដឹកនាំពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានកងកម្លាំងនគរបាលចូលរួមចំនួន ៣៥៤នាក់។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហេង សុផល បានកោតសរសើរដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានគោរព និងអនុវត្តតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនយ៉ាងសកម្ម ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ។

លោក ឧត្តមសេនីយ៍ទោ ហេង សុផល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមសហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា នៅពេលប្រទះឃើញ ឬមានការសង្ស័យលើសកម្មភាពខុសប្រក្រតីនានា ជាពិសេសករណីជនបរទេសដែលមកស្នាក់នៅ ឬប្រមូលផ្តុំដោយមិនប្រក្រតីនៅតាមមូលដ្ឋាន ដើម្បីឱ្យកម្លាំងជំនាញអាចចុះត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការកសាងសង្គមមួយដែលមានសុវត្ថិភាព និងគ្មានបទល្មើស ព្រោះកិច្ចការសន្តិសុខ មិនមែនជាភារកិច្ចរបស់សមត្ថកិច្ចតែមួយមុខនោះទេ ប៉ុន្តែត្រូវការការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។

ប្រជាពលរដ្ឋអាចទាក់ទង និងផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ 097 778 0012/060 585 858។ អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន៖ 097 777 7396។ អធិការដ្ឋាននគរបាលស្រុកតាំងគោក 097 858 5558។ អធិការដ្ឋាននគរបាលស្រុកបារាយណ៍៖ 097 622 2881។ អធិការដ្ឋាននគរបាលស្រុកសន្ទុក 097 881 5858។ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ092 900 027។ អធិការដ្ឋាននគរបាលស្រុកស្ទោង 097 492 2555។ អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក 097 870 6767។ អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ៖ 097 752 7264 និងអធិការដ្ឋាននគរបាលស្រុកសណ្ដាន់៖ 088 585 8488។

លោកស្នងការបានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការផ្តល់ព័ត៌មានអំពីបទល្មើស ឬករណីសង្ស័យផ្សេងៗ ដើម្បីឱ្យសមត្ថកិច្ចមានមូលដ្ឋានក្នុងការចុះបង្ក្រាបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ ស៊ុម វណ្ណា





