អាស៊ាន និងកូរ៉េខាងត្បូង ចាប់ផ្តើមគម្រោងកាត់បន្ថយឧស្ម័នមេតាននៅក្នុងប្រទេសឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ -- គម្រោងសហប្រតិបត្តិការអាស៊ាន-កូរ៉េ សម្រាប់ការកាត់បន្ថយឧស្ម័នមេតាន (AKCMM) ត្រូវបានចាប់ផ្តើមនៅប្រទេសឥណ្ឌូណេស៊ីកាលពីពេលថ្មីៗនេះ ដោយមានគោលដៅគ្រប់គ្រងកាកសំណល់ឱ្យកាន់តែរឹងមាំ និងវឌ្ឍនភាពលឿនជាងមុនទៅលើការសន្យាអាកាសធាតុក្នុងតំបន់។
គម្រោងដែលមានតម្លៃ ២០លានដុល្លារអាម៉េរិក ដែលនឹងដំណើរការរយៈពេលបីឆ្នាំនេះ ត្រូវបានផ្តល់មូលនិធិតាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ សហការជាមួយវិទ្យាស្ថានកំណើនបៃតងសកល (GGGI)។ ឥណ្ឌូណេស៊ីក្លាយជារដ្ឋសមាជិកអាស៊ានទីបីដែលដាក់ចេញគំនិតផ្តួចផ្តើមនេះ បន្ទាប់ពីប្រទេសម៉ាឡេស៊ី និងហ្វីលីពីន។
ថ្លែងនៅក្នុងពិធីបើកសម្ពោធ រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី និងជាប្រធានទីភ្នាក់ងារត្រួតពិនិត្យបរិស្ថាន លោក ជុមហ័រ ហ៊ីដាយ៉ាត (Jumhur Hidayat) បានសង្កត់ធ្ងន់ថា ការកាត់បន្ថយការបំភាយឧស្ម័នមេតានឥឡូវនេះ គឺជាអាទិភាពជាតិ ដោយសារឧស្ម័នមេតានចាប់កំដៅបានច្រើនជាងកាបូនឌីអុកស៊ីត ២៨-៣០ដង។
យោងតាមលោក បានឱ្យដឹងថា កាកសំណល់ប្រហែល ៦៣% ដែលចាក់ចោលក្នុងកន្លែងចាក់សំរាមឥណ្ឌូណេស៊ី គឺជាសារធាតុសរីរាង្គ ដែលមានសក្តានុពលក្នុងការបង្កើតការបំភាយឧស្ម័នស្មើនឹងកាបូនឌីអុកស៊ីតប្រហែល ២១លានតោន។
លោក លី ជុល (Lee Chul) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាស៊ាន បាននិយាយថា គម្រោងនេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កូរ៉េខាងត្បូង និងអាស៊ាន ដើម្បីប្រឈមមុខនឹងវិបត្តិអាកាសធាតុជាមួយនឹងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុជាក់ស្តែង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





