បាតុភូតធម្មជាតិអែលនីញ៉ូ និងជម្លោះនៅមជ្ឈិមបូព៌ា គំរាមកំហែងដល់ទិន្នផលអង្កររបស់ហ្វីលីពីន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ -- ការវិលត្រឡប់មកវិញនៃបាតុភូតអែលនីញ៉ូ (El Niño) នៅចុងឆ្នាំនេះ និងតម្លៃជីកើនឡើងខ្ពស់ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា កំពុងបង្កើនការព្រួយបារម្ភអំពីការធ្លាក់ចុះនៃផលិតកម្មស្រូវនៅក្នុងប្រទេសហ្វីលីពីន និងទូទាំងទ្វីបអាស៊ី។
លោកស្រី អ៊ីវ៉ន ពីនតូ (Yvonne Pinto) អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ (IRRI) ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន បាននិយាយថា កសិករជាច្រើនកំពុងកាត់បន្ថយការប្រើប្រាស់ជី ខណៈដែលតម្លៃបានកើនឡើងប្រហែល ៣៣% ចាប់តាំងពីភាពតានតឹងបានកើនឡើងនៅជុំវិញច្រកសមុទ្រហ័រមុសកាលពីចុងខែកុម្ភៈ។
លោកស្រីបានព្រមានថា ថ្លៃដើមផលិតកម្មខ្ពស់ និងអាកាសធាតុស្ងួតយូរដែលបណ្តាលមកពីបាតុភូតអែលនីញ៉ូ អាចកាត់បន្ថយទិន្នផលស្រូវ និងបង្ខំឱ្យហ្វីលីពីនបង្កើនការនាំចូល ដែលអាចប៉ះពាល់ដល់តម្លៃអង្ករក្នុងតំបន់។
វិស័យកសិកម្មហ្វីលីពីនបានប៉ាន់ប្រមាណថា បាតុភូតអែលនីញ៉ូអាចកាត់បន្ថយទិន្នផលស្រូវរបស់ប្រទេសនេះរហូតដល់ ៤លានតោននៅក្នុងឆ្នាំនេះ។ ក្រសួងកសិកម្មបានបន្ថយការព្យាករណ៍ផលិតកម្មរបស់ខ្លួនសម្រាប់ឆ្នាំ២០២៦ ពីចំនួន ២០,២៨លានតោន មកនៅត្រឹម ១៩,៨៧លានតោន។
លោកស្រី ពីនតូ បាននិយាយថា ការកែលម្អពូជស្រូវ ប្រព័ន្ធធារាសាស្ត្រ យន្តការ និងឧបករណ៍កសិកម្មឌីជីថល នឹងជួយដល់កសិករឱ្យសម្របខ្លួនទៅនឹងបញ្ហាប្រឈមផ្នែកអាកាសធាតុ និងរក្សាផលិតភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





