បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយឃាត់ខ្លួនជនសង្ស័យ ៦៤នាក់ និងវត្ថុតាងមួយចំនួន
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ -- កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយព្រះរាជអាជ្ញាខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំងកាស៊ីណូ «យីងហ័ង» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន កុំព្យូទ័រចំនួន ៣៧គ្រឿង ទូរសព្ទដៃចំនួន ៤២៨គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។

ជាមួយគ្នានោះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦៤នាក់ (ភេទប្រុស) ជាជនជាតិចិន។ បច្ចុប្បន្នជនសង្ស័យទាំង ៦៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីឱ្យមន្ត្រីជំនាញបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន។

សកម្មភាពបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបោសសំអាតផ្ទះរបស់យើងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយព្រះរាជអាជ្ញាខេត្ត បន្តធ្វើការស្រាវជ្រាវ ឈានទៅធ្វើការបង្ក្រាបឱ្យអស់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕


ដោយ៖ ងូ សុមុនី





