អង្គការអុកស្វាមបង្កើតស្ថានីយ៍ទឹកស្អាតសហគមន៍ឈ្មោះ គុជសារ ១១កន្លែង នៅក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦--ដើម្បីនាំយកទឹកស្អាតសុវត្ថិភាពឱ្យកាន់តែជិតសហគមន៍ជនបទ អង្គការអុកស្វាម (Oxfam) និងដៃគូ បានជួយសហគមន៍ក្នុងការបង្កើតស្ថានីយ៍ទឹកសហគមន៍ឈ្មោះ គុជសារ ចំនួន ១១កន្លែងនៅក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង ដើម្បីផ្គត់ផ្គង់ទឹកស្អាតក្នុងតម្លៃសមរម្យដល់ប្រជាជនក្នុងសហគមន៍។

មន្ត្រីអង្គការអុកស្វាមបានឱ្យដឹងកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ថា ដើម្បីធានានូវនិរន្តរភាពនៃស្ថានីយ៍ទឹក ប្រតិបត្តិកររួមជាមួយថ្នាក់ដឹកនាំភូមិ និងដោយមានការគាំទ្រពីអង្គការដៃគូក្នុងការពង្រឹងប្រតិបត្តិការអាជីវកម្ម បានផ្សព្វផ្សាយអំពីទឹកស្អាតសុវត្ថិភាពដោយផ្ទាល់ដល់គ្រួសារ និងតូបលក់បន្តក្នុងសហគមន៍។ សកម្មភាពទាំងនេះបានជួយលើកកម្ពស់ការយល់ដឹង ភ្ជាប់គ្រួសារកាន់តែច្រើនឱ្យទទួលបានទឹកស្អាតសុវត្ថិភាព និងពង្រឹងភាពធន់រយៈពេលវែងរបស់សហគមន៍។

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃគម្រោង FOWASH ដែលដឹកនាំដោយអង្គការអុកស្វាម សហការជាមួយអង្គការយូរីដូ និងទទួលបានការគាំទ្រថវិកាពី KOICA៕

ដោយ៖ ណយ នឿន (ប្រភព៖ អង្គការអុកស្វាម)





