ពលរដ្ឋនៅស្រុក កោះញែក ខេត្តមណ្ឌល គិរី រួមគ្នាធ្វើកសិកម្ម ដាំបន្លែដើម្បី លើកកម្ពស់ជីវភាពគ្រួសារ
AKP មណ្ឌលគិរី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៦–របរកសិកម្មរបស់ប្រជាពលរដ្ឋនៅ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី គឺបានផ្តោតសំខាន់លើការធ្វើកសិកម្មសរីរាង្គ ការគ្រប់គ្រងធនធានធម្មជាតិ និងក៏ជាផ្នែកមួយសំខាន់សម្រាប់ជួយលើកកម្ពស់ជីវភាពគ្រួសារ។
ការធ្វើកសិកម្មដែលមានផ្ទៃដីតូចតាមលក្ខណៈគ្រួសារនេះក៏បានកំពុងចូលរួមចំណែកមួយផងដែរដល់វិស័យបរិស្ថានឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្នុងពិធីដឹកនាំអ្នកសារព័ត៌មានដើម្បីសិក្សាស្វែងយល់ពី ប្រជាពលរដ្ឋ នៅស្រុក កោះញែក ខេត្ត មណ្ឌល គិរីនាចុងសប្តាហ៍នេះបានឱ្យដឹងថា ចំពោះគំនិតផ្តួចផ្តើមទាំងនេះបានកំពុងជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការពារព្រៃឈើ និងធានាសន្តិសុខស្បៀង តាមរយៈគម្រោងសំខាន់ៗដូចជាកសិកម្មសរីរាង្គ និងខ្សែសង្វាក់ផ្គត់ផ្គង់គ្រួសារ របស់កសិករខ្នាតតូចតាមសហគមន៍។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា”យើងបានលើកស្ទួយកសិកម្មខ្នាតតូចបែបនេះ គឺមិនត្រឹមតែលើកកម្ពស់ដល់ជីវភាពគ្រួសារពួកគាត់ទេ និង ថែមទាំងជួយគាំពារបរិស្ថានរបស់យើងផង ជាពិសេសឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុតែម្តង”។
ឯកឧត្តម ខ្វៃ អាទិត្យាបានលើកឡើងដោយបញ្ជាក់បន្ថែមថាក្រៅពីនេះក្រសួងលើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងការដកហូតអនុផលព្រៃឈើ ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តភាពក្នុងនេះដូចជាប្រជាកសិកររកឃ្មុំពោលគឺគាត់ប្រើប្រាស់បច្ចេកទេសបែបបុរាណដោយមិនដុត ឬបំផ្លាញសំបុកឃ្មុំដោយបន្សល់ទុកសំបុកឃ្មុំខ្លះដើម្បីបន្តពូជជាដើម។នេះជាបច្ចេកទេសមួយដែលប្រជាសហគមន៍យើងអនុវត្តទាំងអស់គ្នាកន្លងមក។ក្រៅពីនេះពួកគាត់បានបង្កានូវការឆេះព្រៃ ដែលនាំឱ្យបាត់បង់ធនធានធម្មជាតិ និងសត្វព្រៃរបស់យើង។ធនធានធម្មជាតិទាំងនេះគឺជាមរតកដ៏មានតម្លៃរបស់ដូនតាយើងក៏ដូចសម្រាប់ប្រទេសកម្ពុជា”។

លោក បណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា បានថ្លែងថាបេសកកម្មរបស់អង្គការ WWF-កម្ពុជា គឺធានាឱ្យមានការចូលរួម និងការគាំទ្រពី មនុស្សគ្រប់រូប ក្នុងការអភិរក្សជីវៈចម្រុះដ៏សម្បូរបែបនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ អង្គការ WWF-កម្ពុជា ក៏លើកកម្ពស់ឱកាសថ្មីៗ ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យ កាន់តែប្រសើរឡើង ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។

គួរបញ្ជាក់ថាការចូលរួមបណ្តុះបណ្តាល និងពង្រឹងចំណេះជំនាញវិជ្ជាជីវៈ ដល់សហគមន៍លើការងារគ្រប់គ្រងធនធានធម្មធម្មជាតិប្រកបដោយនិរន្តរភាព និងប្រែក្លាយសហគមន៍គោលដៅលំហែបៃតង ផ្តល់ភាពជាម្ចាស់ដល់សហគមន៍ និងជួយលើកកម្ពស់ជីវភាពសហគមន៍។ យុទ្ធសាស្រ្តនេះ បានជួយកែប្រែទំលាប់របស់ប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ មកប្រកបមុខរបរថ្មី ដូចជាអ្នកផ្តល់សេវាទេសចរណ៍ អាចបង្កើនចំណូលសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កាន់តែប្រសើរថែមទៀត។នេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា៕
ដោយ៖មករា





