លទ្ធផលការសិក្សារបស់អង្គការអង្គការជីវិតធម្មជាតិនៅកម្ពុជាបង្ហាញថា ដែនជម្រកសត្វព្រៃលំផាត់មានវត្តមានសត្វស្លាបរហូត ៣០៨ប្រភេទ
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦ -- ក្នុងឱកាសអបអរសាទរទិវាជីវម្រុះអន្តរជាតិ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life Cambodia) បានចែករំលែករបាយការណ៍លទ្ធផលនៃការសិក្សាសត្វស្លាបនៅដែនជម្រកសត្វព្រៃលំផាត់ (LWS) ដែលមានវត្តមានសត្វស្លាបយ៉ាងតិច ៣០៨ប្រភេទ។
របាយការណ៍សិក្សារបស់អង្គការជីវិតធម្មជាតិនៅកម្ពុជានេះ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃនេះ គឺជាជម្រកដ៏សំខាន់សម្រាប់ការអភិរក្សសត្វស្លាប ដោយមានវត្តមានសត្វស្លាបព្រៃសរុបចំនួន ៣០៨ប្រភេទត្រូវបានកត់ត្រាដោយរួមបញ្ចូលនូវទិន្នន័យចាស់ជាមួយការកត់ត្រាថ្មី។ ទិន្នន័យនេះ រួមបញ្ចូលទាំងសត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយប្រភេទសត្វស្លាបដែលកំពុងរងការគំរាមកំហែងជាសកលផ្សេងៗទៀតជាច្រើន។

ការសិក្សាសត្វស្លាបនេះ ធ្វើឡើងដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវទិន្នន័យមូលដ្ឋាននៃប្រភេទសត្វស្លាប ដែលមានវត្តមានក្នុងដែនជម្រកសត្វព្រៃលំផាត់ ហើយនឹងត្រូវប្រើដើម្បីតាមដានពីប្រសិទ្ធភាពរយៈពេលវែងនៃគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់។

ការសិក្សាថ្មីចុងក្រោយបានកត់ត្រាប្រភេទសត្វស្លាបចំនួន ១៨២ប្រភេទ តាមរយៈការអង្កេតឃើញដោយផ្ទាល់។ ប្រភេទសត្វកម្រ និងកំពុងរងការគំរាមកំហែងត្រូវបានកត់ត្រា រួមមាន សត្វត្រយងយក្ស សត្វត្រយងចង្កំកស សត្វត្មាតភ្លើង និងសត្វក្ងោកបៃតង។ លទ្ធផលនេះបានបំពេញបន្ថែម និងបានធ្វើបច្ចុប្បន្នភាពទិន្នន័យមូលដ្ឋាននៃសត្វស្លាបសម្រាប់ដែនជម្រកសត្វព្រៃលំផាត់ដោយមានការកើនឡើងពី ២០២ប្រភេទទៅដល់ ៣០៨ប្រភេទ ជាមួយនឹងប្រភេទសត្វចំនួន ២២ប្រភេទត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងការគំរាមកំហែងរហូតដល់ជិតផុតពូជបំផុតក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN Red List)។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានលើកឡើងថា «លទ្ធផលនៃការសិក្សាសត្វស្លាបក្នុងដែនជម្រកសត្វព្រៃលំផាត់ គឺជាការសបញ្ជាក់អំពីកិច្ចសហការល្អពីភាគីពាក់ព័ន្ធទាំងអស់ ដោយការប្តេជ្ញាចិត្តអនុវត្តសកម្មភាពរួមគ្នាក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន គឺភាពស្អាត បៃតង ចីរភាព។ នេះជាលើកដំបូង ដែលមានការផលិតរបាយការណ៍សិក្សាពីវត្តមានសត្វស្លាបសម្រាប់ដែនជម្រកសត្វព្រៃលំផាត់ ដោយបានបញ្ជាក់ពីវត្តមានសត្វស្លាបព្រៃយ៉ាងតិច ៣០៨ប្រភេទរស់នៅក្នុងតំបន់ការពារដ៏ពិសេសនេះ ដែលនេះបានផ្ដល់ជាទិន្នន័យមូលដ្ឋានដ៏សំខាន់។

មន្ទីរបរិស្ថានខេត្តរតនគិរី ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបុព្វហេតុនៃកិច្ចការពារដែនជម្រកសត្វព្រៃ ដែលមានសារៈសំខាន់ជាសកលនេះ ជាពិសេសតាមរយៈការអនុវត្តគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់។ បេសកកម្មរបស់យើងមិនមែនត្រឹមតែការពារសត្វស្លាបប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងកិច្ចខិតខំប្រឹងប្រែងការពារ ថែរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យមានសុខភាពល្អ និងធានាថា ទីជម្រកសត្វព្រៃធម្មជាតិ ព្រមទាំងផល-អនុផលធនធានធម្មជាតិនឹងបន្តផ្ដល់ជាផលប្រយោជន៍ដល់ប្រជាសហគមន៍ជាច្រើនឆ្នាំទៅមុខទៀត។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា «លទ្ធផលនៃការសិក្សាសត្វស្លាបនេះនាំមកនូវក្តីសង្ឃឹមទាក់ទងនឹងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ វាគឺជាសូចនាករដ៏សំខាន់ដើម្បីវាស់វែងភាពជោគជ័យនៃការអនុវត្តគម្រោងឥណទានកាបូននៅក្នុងតំបន់ទេសភាពនេះ។ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តក្នុងការការពារប្រភេទសត្វស្លាបព្រៃទាំងនេះ និងទីជម្រករបស់ពួកវា។ វត្តមាននៃប្រភេទសត្វស្លាបទាំងនេះអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាខេត្តនៅភូមិភាគឦសាននៃប្រទេសកម្ពុជា»។

លោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា «ដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់សត្វស្លាបដ៏សំខាន់មួយក្នុងចំណោមតំបន់សត្វស្លាបសំខាន់ៗក្នុងពិភពលោក ដែលគាំទ្រដល់ការរស់នៅរបស់សត្វស្លាបដែលជិតផុតពូជបំផុតយ៉ាងតិចបីប្រភេទ រួមទាំងសត្វស្លាបដែលជានិមិត្តសញ្ញាតំណាងជាតិប្រទេសកម្ពុជា គឺសត្វត្រយងយក្ស។ ចាប់តាំងពីឆ្នាំ២០២៣ មក យើងបានអនុវត្តគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់ ដើម្បីការពារប្រភេទសត្វព្រៃសំខាន់ៗទាំងនេះ ព្រមទាំងធានាថា សហគមន៍មូលដ្ឋានទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌។ អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីការពារទីតាំងអនុវត្តគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់នេះសម្រាប់មនុស្សជំនាន់ក្រោយ»៕
ដោយ៖ ណយ នឿន (ប្រភព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា)





