ឯកឧត្ដម ឃួង ស្រេង៖ ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំមិនភ្លេច ចំពោះសោកនាដកម្ម និងភាពសាហាវព្រៃផ្សៃរបស់ពួកឃាតកអាវខ្មៅរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំមិនភ្លេចចំពោះសោកនាដកម្មពួកឃាតកអាវខ្មៅ៣ឆ្នាំ៨ខែ និង២០ថ្ងៃ បើទោះបីស្រមោលអន្ធការនេះបានកន្លងផុតទៅអស់រយៈពេលជាង៤៧ឆ្នាំហើយក្តី។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងពិធីប្រារព្ធខួបលើកទី៩នៃទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយបាននិមន្តព្រះសង្ឃចំនួន៨៨អង្គ បង្សុកូលរាប់ បាត្រនៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ដើម្បីឧទិ្ទសកុសលជូនដល់វិញ្ញាណខ័ន្ធជនរងគ្រោះស្លូតត្រង់ជាង៣លាននាក់ដែលត្រូវបានពួកប៉ុល ពត កាប់សម្លាប់យ៉ាងរង្គៀល រហូតធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគំនរឆ្អឹង ស្ទឹងទឹកភ្នែក បន្សល់ទុក ស្រ្តីមេម៉ាយ,ក្មេងកំព្រា និងហេដ្ឋារចនាសម្ពន្ធ័ជាតិទាំងមូលត្រូវបានបំផ្លាញដល់ក្រោមសូន្យ ។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញផងដែរ ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំមិនភ្លេចចំពោះសោកនាដកម្មរបស់ពួកឃាតកអាវខ្មៅរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះឡើយ ទោះបីស្រមោលអន្ធការនេះបានកន្លងផុតទៅជាង៤៧ឆ្នាំទៅហើយក្តី។ ក្នុងសារលិខិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឧិកាសខួបលើកទី៩នៃទិវាជាតិនៃការចងចាំនៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៦ ដែលអានដោយឯកឧត្ដមឃួង ស្រេង បានឱ្យដឹងថា៖ ទិវាជាតិនៃការចងចាំបង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ។

រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ជា «ទិវា ចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បាន កំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ។

ទិវាជាតិនៃការចងចាំនេះបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់ និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះកើតមាន ឡើងសាជាថ្មី។ ដូច្នេះដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យ កាន់តែរីកចម្រើន។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានមានប្រសាសន៍លើកឡើងថា៖ តាមរយៈ គោលនយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដែលជាឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចំរើន លើគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ននេះ។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំបន្តវេន វ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាននឹងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែរក្សា សន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ដើម្បីនាំនាវាកម្ពុជា ឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការប្រារពទិវាជាតិនៃការចងចាំឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺបានរៀបចំពិធីសាសនានៅចំពោះមុខស្តូបតម្កល់អធិធាតុជាងមួយម៉ឺននាក់ ដែលបានគាស់ចេញពីរណ្តៅសពរួមនៅមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រារព្វធ្វើពិធីបង្សុកូលរាប់បាត្រព្រះសង្ឃជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២៦នេះមានការរាប់បាត្រព្រះសង្ឃចំនួន៨៨អង្គដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបវាលពិឃាដខ្មែរក្រហមនេះ។ ក្នុងឱកាសនោះដែរក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានសម្ដែងនូវផ្ទាំងទស្សនីយភាពឈុតឆាកពីការកាប់សម្លាប់ការធ្វើទារុណកម្មរបស់ពួកខ្មែរក្រហមមកលើប្រជាជនស្លូតត្រង់យ៉ាងសាហាវឃោរឃៅព្រៃផ្សៃជាទីបំផុត ធ្វើឱ្យអ្នកចូលរួមស្រក់ទឹកភ្នែកថែមទៀតផង៕
ដោយ សួស សំរិត





