រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាលស្តីពី "នវានុវត្តន៍សម្រាប់មូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍនប្រកបដោយចីរភាព”
AKP កណ្តាលថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦–រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាលស្តីពី "នវានុវត្តន៍សម្រាប់មូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍនប្រកបដោយចីរភាព” តាមរយៈប្រពន្ធ Online Zoom នៅសាលប្រជុំសាលាខេត្ត។

រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលស្តីពី "នវានុវត្តន៍សម្រាប់មូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍនប្រកបដោយចីរភាព” ដោយមានការចូលរួមពី លោក នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងលោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល តំណាងសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៣ លោក លោកស្រី សិក្ខាកាមជាច្រើនរូបផងដែរ និងតាមរយៈប្រពន្ធ Online Zoom នៅសាលប្រជុំសាលាខេត្ត។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និងប្រកបទៅដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងគន្លឹះអាទិភាព មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងការកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ការផ្តល់សេវាសាធារណៈគ្រប់ទិដ្ឋភាព គឺជាការបំពេញកាតព្វកិច្ចមន្ត្រីរាជការក្នុងការរួម ចំណែកថែរក្សា ការពារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងលើកកម្ពស់ជីវភាព គុណភាពជីវិតរស់នៅជូនប្រជាពលរដ្ឋ យុវវ័យ ស្ត្រី កុមារ ជនមានពិការភាព ជនងាយរងគ្រោះប្រកបដោយបរិយាប័ន្ន គ្មានការរើសអើង ផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍមូលដ្ឋាន តាមរយៈការកែលម្អ ការផ្តល់សេវាសាធារណៈ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ។ នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ គឺមិនគ្រាន់តែសំដៅលើការទិញកុំព្យូទ័រថ្មី ឬការបង្កើត App នោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរវប្បធម៌ការងារ ព្រមទាំងការត្រួតពិនិត្យឡើងវិញនូវនីតិវិធីផ្តល់សេវារដ្ឋបាល ដើម្បីកាត់បន្ថយភាពស្មុគស្មាញ ការប្រើប្រាស់ពេលវេលាយូរ និងគួរតែសាកល្បងអនុវត្តនូវគំនិតថ្មីៗ ក្នុងការដោះស្រាយបញ្ហាដូចជា បរិស្ថាន អនាម័យ សោភណ្ឌភាព ខេត្ត ក្រុង ស្រុក សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពភូមិ ឃុំ សង្កាត់ និងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់និងតម្លាភាព។ ការអនុវត្តគោលនយោបាយ និងការបង្កើតសមិទ្ធផលឱ្យប្រកបទៅដោយចីរភាព មានប្រសិទ្ធភាព និងប្រសិទ្ធផលល្អប្រសើរត្រូវការជាចាំបាច់នូវរដ្ឋបាលមួយដែលសម្បូរទៅដោយមូលធនមនុស្ស ដែលប្រកបដោយចំណេះដឹង បទពិសោធន៍ និងជំនាញវិជ្ជាជីវៈយ៉ាងច្បាស់លាស់ពិតប្រាកដ។
លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានឱ្យដឹងថា ក្នុងនាមជាសេនាធិការឱ្យក្រសួងមហាផ្ទៃលើការងារអភិវឌ្ឍន៍សមត្ថភាពសម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សានិងមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិងអ្នកពាក់ព័ន្ធដទៃទៀតព្រមទាំងសិក្សាស្រាវជ្រាវនិងផ្សព្វផ្សាយអំពីអភិបាលកិច្ចការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស្វ័យភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ សាលាជាតិរដ្ឋបាលមូលដ្ឋាន សម្រេចបានក្នុងឆ្នាំ២០២៥ ដូចជាបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា និងមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៧៦វគ្គ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៥៥២៩រូប បាននិងកំពុងរៀបចំសៀវភៅគោល និងសៀវភៅណែនាំចំនួន១០ប្រភេទផងដែរ ក្នុងនោះផងដែរ សម្រាប់២០២៦ គិតត្រឹមថ្ងៃនេះសាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំនួន១១វគ្គមានសិក្ខាកាមចូលរួមសរុបប្រមាណជាង ៦០០រូបផងដែរ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះសហការរៀបចំឡើងរវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្តាល ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពដល់ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកនៃខេត្តកណ្តាល ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





