ក្រុមហ៊ុន NWC Investment ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ទីផ្សារចិន
AKP ភ្នំពេញថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៦– ក្រុមហ៊ុន NWC Investment ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាដល់ទីផ្សារចិន។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Zhuyun Wu អគ្គនាយិកាក្រុមហ៊ុន NWC Investment និងសហការី ចូលជួបសម្តែងការគួរសម ដើម្បីរាយការណ៍ពីសកម្មភាពក្រុមហ៊ុន និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនោះ លោកស្រី Zhuyun Wu បានគោរពរាយការណ៍ជូនពីសកម្មភាពការងារ និងគម្រោងសម្រេចកន្លងមករបស់ក្រុមហ៊ុនដែលជាក្រុមហ៊ុននាំមុខលើការរៀបចំព្រឹត្តិការណ៍ និងការផ្សព្វផ្សាយពាណិជ្ជកម្មជូនដល់ក្រុមហ៊ុនអន្តរជាតិធំៗ ទាំងក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ លោកស្រីអគ្គនាយិកា បានគោរពស្នើសុំកិច្ចសហការគាំទ្រ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់អំពីឯកឧត្តមរដ្ឋមន្រ្តីលើគម្រោងផលិត MV ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់ទីផ្សារចិន ឱ្យកាន់តែសកម្ម និងទូលំទូលាយផងដែរ ជាពិសេសក្នុងអំឡុងយុទ្ធនាការលើកលែងទិដ្ឋាការដល់ប្រជាជនចិនសាកល្បង និងទស្សនាកម្ពុជានារដូវកាលបៃតង។


ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមដ៏ល្អ និងមានសារៈសំខាន់របស់ក្រុមហ៊ុនក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជានិយាយជារួម និងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យកាន់តែច្រើន និយាយដោយឡែក។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តជួយផ្សព្វផ្សាយអំពីស្ថានភាពវិជ្ជមានរបស់កម្ពុជា ជាពិសេសកត្តាសុខសុវត្ថិភាព សក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងកាលានុវត្តភាពវិនិយោគដ៏ល្អ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួនទាំងនៅកម្ពុជា និងប្រទេសចិន។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវដ៏ពិសេស គឺរដូវកាលបៃតង៕
ដោយ៖ ចរិយា ប្រភព៖ ក្រសួងទេសចរណ៍





