ក្រុមនិស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI នៅសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអបអរសាទរក្រុមនិស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រកួតគម្រោងបញ្ញាសិប្បនិម្មិត AI Ready ASEAN Youth Challenge!
ក្នុងកម្មវិធីប្រកួតទូទាំងតំបន់អាស៊ាន ដែលរៀបចំដោយមូលនិធិអាស៊ាន Google.org និងស្ថាប័ន AI Singapore ដោយក្រុម Voha.ai របស់យុវជនកម្ពុជាស្ថិតក្នុងចំណោមក្រុមដែលចូលរួមប្រកួតចំនួនជាង ៦០០ក្រុម ដែលនេះជាមោទនភាពរបស់យុវជនកម្ពុជា។
កម្មវិធីនេះបានប្រព្រឹត្តទៅរយៈពេលជាង ៤ខែ ដោយបេក្ខជនត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល លើកសំណើគម្រោង និងអភិវឌ្ឍន៍កម្មវិធីបញ្ញាសិប្បនិម្មិតសាកល្បង ដើម្បីប្រកួតក្នុងប្រទេស រួចចូលរួមប្រកួតបន្តនៅកម្រិតតំបន់។

ក្រុម Voha.ai ប្រើបច្ចេកវិទ្យា AI ដើម្បីជួយកុមារដែលមានពិការភាពផ្នែកការស្ដាប់ (ថ្លង់) អាចរៀននិយាយបានងាយ ស្រួល និងឆាប់រហ័សជាងមុន តាមរយៈការប្រើកម្មវិធីបង្ហាត់ការបញ្ចេញសំឡេង ដោយមានទាំងផ្នែកសិក្សា និងល្បែងកម្សាន ដើម្បីជំរុញការហ្វឹកហាត់ការបញ្ចេញសំឡេង។ លក្ខណសម្បត្តិរួមមាន ការកំណត់បញ្ហាបានត្រឹមត្រូវ ការប្រើប្រាស់វិធីសាស្ត្របច្ចេកទេសសមស្រប និងនវានុវត្តន៍ ព្រមទាំងចំណុចល្អៗជាច្រើនទៀត ជាមូលហេតុនាំឱ្យគណៈមេប្រយោគវាយតម្លៃខ្ពស់លើគម្រោងនេះ។


ក្រុម Voha.ai មានសមាជិកពីររូប គឺលោក គាន យូហ័ង ជានិស្សិតទើបបញ្ចប់ការសិក្សាឆ្នាំ២០២៦ និងលោក គង់ លីជីង ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ យុវជនកម្ពុជាទាំងពីររូបបានទទួលពានរង្វាន់ពីឯកឧត្ដម Tharman Shanmugaratnam ប្រធានាធិបតីនៃប្រទេសសិង្ហបុរី និងបានថតរូបអនុស្សាវរីយ៍ជាមួយឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្ដារដ្ឋមន្ត្រីឌីជីថលអាស៊ាន ស្របនឹងឱកាសដែលឯកឧត្ដមរដ្ឋមន្ត្រីអញ្ជើញបំពេញបេសកកម្មនៅប្រទេសសិង្ហបុរី ចូលរួមកម្មវិធី AsiaTech Singapore 2026 តាមការអញ្ជើញរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាននៃប្រទេសសិង្ហបុរី។
សូមជូនពរយុវជនទាំងពីររូបបន្តលូតលាស់លើផ្នែកបញ្ញាសិប្បនិម្មិតនេះ ដើម្បីគាំទ្រការចាប់យកបញ្ញាសិប្បនិម្មិត និងបរិវត្តកម្មឌីជីថលនៅកម្ពុជា ក្រោមគោលនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





