លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ទទួលបានគ្រឿងឥស្សរយសបេសកជនការទូតឆ្នើមពីក្រសួងការបរទេសចិន
AKP ភ្នំពេញ ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់មេដាយការទូតឆ្នើមជាលើកដំបូង ដោយចូលរួមជាអធិបតីពីឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន។ នៅក្នុងនោះ លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា អតីតឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាបេសកជនការទូតឆ្នើមកម្ពុជាដែលទទួលបាន «គ្រឿងឥស្សរយយសបេសកជនការទូតឆ្នើម» លើកដំបូងពីក្រសួងការបរទេសចិន។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកជំទាវបានចូលរួមយ៉ាងសកម្មក្នុងការជំរុញផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជនទាំងពីរ។ គ្រឿងឥស្សរយយសខាងលើនេះ មិនត្រឹមតែជាការបញ្ជាក់យ៉ាងខ្ពស់អំពីការចូលរួមចំណែកផ្នែកការទូតរបស់លោកជំទាវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញដ៏រស់រវើកចំពោះមិត្តភាពដែកថែបជាប្រវត្តិសាស្ត្ររវាងចិន និងកម្ពុជាផងដែរ។ នេះបើយោងតាមការចេញផ្សាយនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្តមអគ្គរដ្ឋទូតបានបន្ថែមថា សូមឱ្យចំណងមិត្តភាពរវាងចិន និងកម្ពុជាត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយសូមឱ្យការកសាងសហគមន៍វាសនារួមគ្រប់រដូវកាលរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មីបន្តឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា)





