ឯកឧត្តម គួច ចំរើន ជំរុញដល់អភិបាលក្រុង ស្រុកទាំងអស់ក្នុងខេត្តកណ្តាល ត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ
AKP កណ្តាល ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់អភិបាលក្រុង ស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដោយទន់ភ្លន់ ម៉ឺងម៉ាត់ ម៉ត់ចត់ ឆាប់រហ័ស និងព្រមទាំងសកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ព្រមទាំងបញ្ជៀសនូវបញ្ហាកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការជំរុញបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ទីរជំនាញជំរុញខេត្ត និងអភិបាលក្រុង-ស្រុកទាំង១៣ តាមរយៈប្រព័ន្ធអនឡាញ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបន្តថា ថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ដែលមកពីការសាងសង់លើដីចិញ្ចើមផ្លូវ ដូចនេះយើងទាំងអស់គ្នាមានភារកិច្ចក្នុងការយកចិត្តទុកដាក់ ជំរុញក្នុងការរៀបចំសម្រាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ ដោយអប់រំណែនាំបងប្អូនប្រជាពលរដ្ឋរបស់យើង ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំសាងសង់ ឬលក់ដូរនៅលើចំណីផ្លូវ ដោយមិនត្រូវគិតនូវអ្វីដែលមានភាពងាយស្រួលចំពោះមុខ តែត្រូវគិតអំពីហានិភ័យដែលអាចនឹងកើតមាន ឬបង្កគ្រោះថ្នាក់ធំធេងដល់អាយុជីវិត បង្កររបួសស្នាម និងបង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិផងដែរ។
អ្វីដែលយើងខិតខំយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវនេះ មិនមែនមានន័យថា យើងទៅបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបររកស៊ីទេ តែអ្វីដែលយើងខិតខំរៀបចំឱ្យមានចំណីផ្លូវ ចិញ្ចើមផ្លូវ គឺដើម្បីការពារសន្តិសុខ សុវត្ថិភាព ទាំងបងប្អូនប្រជាពលរដ្ឋនៅសងខាងផ្លូវ និងប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើផ្លូវ។


ឯកឧត្តមបានថ្លែងនូវការកោតសរសើរដល់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលបានអនុវត្តសកម្មភាពជាបន្តបន្ទាប់ ទាំងការពិនិត្យវិធានការរដ្ឋបាល ការកំណត់គោលដៅសង្ស័យតាមរយៈការប្រើប្រាស់ជំនាញ និងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ យើងបានចាត់វិធានការជាបន្តបន្ទាប់ បើទោះបីជាខេត្តរបស់យើងមកដល់ពេលនេះមិនទាន់មានទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមអនឡាញ (Scam Online) ក្នុងមូលដ្ឋានរបស់យើងក៏ដោយ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអ្នកច្បាប់ ត្រូវអនុវត្តច្បាប់ ស្ដីពី Scam Online ដោយទីតាំងណា កន្លែងណា ដែលបានប្រព្រឹត្ត Scam Online ត្រូវអនុវត្តច្បាប់ឱ្យពេញលេញ គ្មានការយោគយល់ និងគ្មានការលើកលែងឡើយ បើមិនដូចនេះទេ សកម្មភាពដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាប Scam Online មិនអាចបង្ក្រាបបានទេ ប្រសិនបើយើងទាំងអស់គ្នាមិនអនុវត្តច្បាប់ឱ្យបានពេញលេញ។ ដូចនេះសូមអភិបាលក្រុង-ស្រុកទាំងអស់ បន្តកិច្ចខិតខំក្នុងការគ្រប់គ្រងមូលដ្ឋានរបស់ខ្លួនឱ្យបានខ្លាំងបន្ថែមទៀត បង្កើតបណ្ដាញឱ្យបានច្រើន និងរិះរកវិធានការបន្ថែមដើម្បីទប់ស្កាត់កុំឱ្យមាន Scam Online កើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយដាក់កម្មវិធីត្រួតពិនិត្យទីតាំងដែលមានការសង្ស័យជាបន្តបន្ទាប់។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់បញ្ហាអំពើហិង្សាក្នុងគ្រួសារ ដែលតែងតែកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួដែលឈានដល់ការបង្កររបួសស្នាម ឬបាត់បង់អាយុជីវិតជាដើម ដែលធ្វើឱ្យកើតមានសោកនាដកម្មកើតឡើងក្នុងក្រុមគ្រួសារ ដូច្នេះអាជ្ញាធររបស់យើង ត្រូវខិតខំផ្សព្វផ្សាយ អប់រំ អំពីបញ្ហាអំពើហិង្សាក្នុងគ្រួសារ ពិសេសត្រូវកំណត់គោលដៅ ឬមុខសញ្ញាដែលអាចឈានដល់កើតមានអំពើហិង្សាណាមួយកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





