សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រធានាធិបតីសាធារណរដ្ឋបេណាំង មកកាន់ ប្រទេសកម្ពុជា នៅពេលខាងមុខ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញប្រធានាធិបតីរបស់សាធារណរដ្ឋបេណាំង មកកាន់ប្រទេសកម្ពុជានាពេលខាងមុខ ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកានោះ។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនសារតាំង នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរចំពោះឯកឧត្តម ADJAGBA ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់បេណាំងប្រចាំនៅកម្ពុជា។ សម្ដេចតេជោសង្ឃឹមថា បេសកកម្មរបស់ឯកឧត្តមក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងបេណាំង ឱ្យកាន់តែរីកចម្រើនបន្តទៀត។ ជាមួយគ្នានេះ ឯកឧត្តម Franck E. W. ADJAGBA បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបហើយប្រគល់សារតាំងនាពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពមួយដ៏រឹងមាំបន្ថែមទៀតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង។ សម្ដេចតេជោបានរម្លឹកថា សម្តេចបានទៅទស្សនកិច្ចនៅប្រទេសមួយនេះ ក្នុងពេលដែលសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស គឺអំឡុងឆ្នាំ១៩៨៣ ដែលពេលនោះ កម្ពុជាត្រូវបានរឹតត្បិតនៃការដាក់ទណ្ឌកម្មពីបរទេស តែបេណាំង នៅតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចនាពេលនោះ។សម្ដេចតេជោក៏ឆ្លៀតឱកាសនេះ អញ្ជើញប្រធានាធិបតីរបស់បេណាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកាខាងមុខ។

ក្នុងឱកាសនោះ សម្ដេចតេជោសង្ឃឹមថា មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយនៅពេលនោះ ជាឱកាសនៃការពង្រីកមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់រឹងមាំបន្ថែមទៀត។ សម្ដេចតេជោបានបន្ថែមថា នៅក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងនៅខែវិច្ឆិកាខាងមុខ មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា៕
ដោយ៖ ជឹម ណារី





