ឯកឧត្តម វ៉េង រិទ្ធីស័ក្តិ ចូលរួមសិក្ខាសាលាស្ដីពីនិតិវិធីក្នុងការពង្រឹងសមាគមមនុស្សចាស់ ឃុំ សង្កាត់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម វ៉េង រិទ្ធីស័ក្កិ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំ សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីនីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ ទាំង៦ក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម វ៉េង រិទ្ធីស័ក្កិ បានលើកឡើងថា ជាលទ្ធផលសម្រេចបាន លោក លោកស្រី ជាមេឃុំ ចៅសង្កាត់ ប្រធានសមាគមមនុស្សចាស់ឃុំ សង្កាត់បានយល់ដឹងពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួនបន្ទាប់ពីទទួលបានការចែករំលែកនូវបទពិសោធន៍ពីសមាគមមនុស្សចាស់ដែលដំណើរការល្អ និងយល់ដឹងពីនីតិវិធីក្នុងការរៀបចំរចនាសម្ព័ន្ធរបស់សមាគមមនុស្សចាស់ ក៏ដូចជាការរៀបចំសមាសភាពគណៈកម្មការសមាគមតាមលក្ខន្តិករបស់សមាគមមនុស្សចាស់ពីមន្ត្រីជំនាញនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន។ សិក្ខាកាមទាំងអស់បានផ្ដោតការយកចិតទុកដាក់ក្នុងការបន្តជំរុញបន្ថែមដើម្បីអោយសមាគមមនុស្សចាស់ឃុំសង្កាត់អាចដំណើរការឡើងវិញ និងមាននិរន្តរភាព ។ សិក្ខាកាមទទួលបានការតាំងចិត្តពីលោក លោកស្រីជាមេឃុំ ចៅសង្កាត់ និងប្រធានសមាគមមនុស្សចាស់ដើម្បីបន្តឆន្ទៈក្នុងការរៀបចំ និងពង្រឹងសមាគមមនុស្សចាស់ឡើងវិញ។

ក្នុងសិក្ខាសាលានោះក៏មានការចូលរួមពីលោកស្រី វីន ស៊ីធួន អភិបាលរងខេត្តស្ទឹងត្រែង លោក ស៊ុត វណ្ណា ប្រធានមន្ទីរស.អ.យ. ខេត្តស្ទឹងត្រែង លោក-លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក លោក-លោកស្រីក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានសមាគមមនុស្សចាស់ឃុំ សង្កាត់ នៃក្រុង ស្រុកទាំង៦ និងក្រុមការងារនៃនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន សរុបចំនួន ១០៥ នាក់៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





