ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញចុះពិនិត្យទីតាំងដីសម្រាប់សាងសង់ផ្ទះថ្មី នៅក្នុងមណ្ឌលអភិវឌ្ឍន៍មរតកតេជោធិបតីថ្លុកព្រីង ជូនអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះចំនួន៣៥គ្រួសារថ្មីបន្ថែមទៀត
AKP កំពង់ធំ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦-- ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានប្រចាំការនិងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ធំ អមដំណើរដោយលោក ជុំ វិរៈ អភិបាលរងស្រុកសន្ទុក បានដឹកនាំសហការីទៅពិនិត្យស្ថានភាពទីតាំងដីជាក់ស្ដែងសម្រាប់ដំណើរការសាងសង់ផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អតីតយុទ្ធជនចំនួន៣៥ គ្រួសារថ្មីទៀតនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោ អធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងទៅនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីងនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម រួមជាមួយអាជ្ញាធរដែនដី និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានដំណើរការសាងសង់ផ្ទះនិងផ្ដល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះបានចំនួន២០៦គ្រួសាររួចមកហើយ ក្នុងនោះ១៤១គ្រួសារ ទទួលបានដីក្នុងមួយគ្រួសារ១ហិកតាកន្លះ ក្នុងមួយគ្រួសារហើយបងប្អូនបានរស់នៅអស់រយៈពេល៥ឆ្នាំមកហើយ។ ដោយឡែក ៦៥គ្រួសារទៀតទទួលបានដីក្នុងមួយគ្រួសារ១ហិកតា ហើយបានមករស់នៅលើទីតាំងនេះជិតមួយឆ្នាំមកហើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ថ្ងៃនេះ ដើម្បីដោះស្រាយជូនអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះចំនួន៣៥គ្រួសារទៀត នៅខេត្តកំពង់ធំ សម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិ គន់ គីម ដើម្បីសហការជាមួយអាជ្ញាធរដែនដី ត្រៀមរៀបចំចាត់ចែងដំណើរការសាងសង់ផ្ទះថ្មី និងរៀបចំដីសម្បទានសង្គមកិច្ចនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជននេះ ជូនពួកគាត់បន្ថែមទៀត ដើម្បីបានរស់នៅសមរម្យក្នុងការកសាងជីវភាពថ្មី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅជូនបងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេស និយាយរួម និងនិយាយដោយឡែកនៅខេត្តកំពង់ធំផងដែរ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងទៀតឡើយ៕
ដោយ ស៊ុម វណ្ណា





