ឯកឧត្តម ម៉ាង ស៊ីណេត បានឯកភាពសម្រេចលើសំណើសុំបង្កើតរោងចក្រចំនួន២បន្ថែមទៀតនៅស្រុកស្ទឹងហាវ
AKP ព្រះសីហនុ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត នាព្រឹកថ្ងៃអង្គារទី១៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងសម្រេចអនុម័តលើសំណើសុំបង្កើតរោងចក្រចំនួន០២៖ ទី១. រោងចក្រផលិតសម្ភារៈឧបករណ៍ប្រើប្រាស់គ្រឿងសំណង់ (ប៉ែល ចបជិក ចបកាប់ ផ្លែរនាស់ ដង្កៀប ធ្វើអំពីដែក) មានទីតាំងស្ថិតនៅអគារលេខ២ និងអគារលេខ៣ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ។ ២.រោងចក្រផលិតសម្ភារៈប្រើប្រាស់ធ្វើពីប្លាស្ទិក (ដងប៉ែល ដងចបកាប់ និងដងរនាស់) មានទីតាំងស្ថិតនៅអគារលេខ១ ភូមិ១ ឃុំអូរត្រេះ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ។

១. រោងចក្រ ក្រុមហ៊ុន បេស ឈ័យ ធូល ឯ.ក BEST CHOICE TOOLS CO., LTD. ទីតាំងអគារលេខ២ និងអគារលេខ៣ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផលិតសម្ភារៈឧបករណ៍ប្រើ ប្រាស់គ្រឿងសំណង់ (ប៉ែល ចបជិក ចបកាប់ ផ្លែរនាស់ ដង្កៀប ធ្វើអំពីដែក) ទុនចុះបញ្ជី ៤.០០០.០០០ដុល្លារអាមេរិក ទុនវិនិយោគ ២.៧២៧.៣៤៨,៦៨ដុល្លារអាមេរិក ម្ចាស់ភាគហ៊ុន លោក ZHANG YONG សញ្ជាតិចិន (កាន់ភាគហ៊ុន ៨០%) លោក LIU CUNKAI សញ្ជាតិចិន (កាន់ភាគហ៊ុន ២០%) លើផ្ទៃដីអគារ ១០.០០០ម៉ែត្រការ៉េ (ដីជួល) ចាប់ផ្តើមជួសជុលកែលម្អខែវិចិ្ឆកា ឆ្នាំ២០២៥ បំពាក់គ្រឿងម៉ាស៊ីនខែមករា ឆ្នាំ២០២៦ ចាប់ផ្តើមដំណើរការផលិតកម្មខែកុម្ភៈ ឆ្នាំ២០២៦ ទីផ្សារនាំចេញសហរដ្ឋអាមេរិក និងលក់ក្នុងស្រុក តម្រូវការពលកម្មពេលចាប់ផ្តើមក្នុងស្រុក ១៣៤នាក់, បរទេស ៧នាក់ ពេលពេញសមត្ថភាពក្នុងស្រុក ១៨០នាក់, បរទេស ៧នាក់។

២. រោងចក្រ ក្រុមហ៊ុន សូរីង ខមហ្វត ធូល ឯ.ក SOAING COMFORT TOOLSCO., LTD. អគារលេខ១ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផលិតសម្ភារៈប្រើប្រាស់ធ្វើពីប្លាស្ទិក (ដងប៉ែល ដងចបកាប់ និងដងរនាស់) ទុនចុះបញ្ជី ២.០០០.០០០ដុល្លារអាមេរិក ទុនវិនិយោគ ៣.៣៧៧.៥៨៤,១៦ដុល្លារអាមេរិក ម្ចាស់ភាគហ៊ុន លោក LYU QINGQING សញ្ជាតិចិន (កាន់ភាគហ៊ុន ១០០%) ទំហំផ្ទៃអគារ ៣.០០០ម៉ែត្រការ៉េ (ដីជួល) ចាប់ផ្តើមជួសជុលកែលម្អខែធ្នូ ឆ្នាំ២០២៥ ព្យាករណ៍បញ្ចប់កាជួសជុលខែមីនា ឆ្នាំ២០២៦ បំពាក់គ្រឿងម៉ាស៊ីនខែឧសភា ឆ្នាំ២០២៦ និងចាប់ផ្តើមដំណើរការផលិតកម្មខែមិថុនា ឆ្នាំ២០២៦ ទីផ្សារនាំចេញ សហរដ្ឋអាមេរិក និងលក់ក្នុងស្រុក។ តម្រូវការពលកម្មពេលចាប់ផ្តើមក្នុងស្រុក ២៤នាក់, បរទេស ៥នាក់ ពេញសមត្ថភាពក្នុងស្រុក ៣៦នាក់, បរទេស ៥នាក់។

ក្រុមហ៊ុនទាំងពីរបានស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទទួលបានគោលការណ៍លើកទឹកចិត្តពីក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ តាមរយៈលិខិតលេខ១២៣៤១ សហវ.លសចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ និងលិខិតលេខ ៥៥៩ សហវ.លស ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយទទួលបានការលើកលែងថ្លៃសេវាសាធា រណៈលើការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារអនុគណៈកម្មាធិការខេត្ត ក៏ដូចជាម្ចាស់រោងចក្រទាំងពីរ ដើម្បីឱ្យស្របតាមច្បាប់ង្កើតជាសួនឧស្សាហកម្ម ក៏ដូចជាច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា រោងចក្រត្រូវធ្វើការដាំដើមឈើ ស្មៅ ដើម្បីបានជាម្លប់ និងជួយដល់បរិស្ថាន តភ្ជាប់បណ្តាញអគ្គិសនីទៅតាមឈ្មោះរោងចក្ររៀងៗខ្លួន ដើម្បីងាយស្រួលពង្រីកទំហំប្រើប្រាស់ ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវចៀសវាងការបង្ហុទឹកកខ្វក់ចូលទៅសមុទ្រ បង្កឪ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តមបានបញ្ជាក់ថា ទីតាំងទាំងពីរមានលក្ខណៈសមស្របនឹងមុខសញ្ញាវិនិយោគមានសក្តានុពល និងមានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចសម្រាប់វិនិយោគិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមផែនការអភិវឌ្ឍខេត្តព្រះសីហនុ និងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់កាន់តែច្រើន៕
ដោយ ងូ សុមុនី





