អភិបាលស្រុកព្រៃនប់ចុះពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលាមត្តេយ្យ និងបឋមក្នុងស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦-- លោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ និងសហការី បានចុះទៅពិនិត្យមើលសកម្មភាពរៀន និងការបង្រៀនរបស់លោកគ្រួ អ្នកគ្រូនៅសាលាមត្តេយសិក្សាសហគមន៍ និងសាលាបឋមសិក្សានៅក្នុងស្រុកព្រៃន ដើម្បីចូលរួមចំណែកពង្រឹងគុណភាពវិស័យអប់រំ និងធានាបាននូវបរិយាកាសសិក្សាដ៏ល្អប្រសើរសម្រាប់កុមារ និងសិស្សានុសិស្ស នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកអភិបាលស្រុកព្រៃនប់បានចុះជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ ព្រមទាំងពិនិត្យមើលដំណើរការរៀនសូត្រ និងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ៖ ១- មត្តេយ្យសិក្សាសហគមន៍ព្រៃនប់ ២- សាលាមត្តេយ្យធនធាន ហ៊ុន សែន ព្រៃនប់ ៣- សាលាបឋមសិក្សា ហ៊ុន សែន ព្រៃនប់។

ម្យ៉ាងទៀតការចុះពិនិត្យផ្ទាល់ដល់គ្រឹះស្ថានសិក្សានាពេលនេះ គឺដើម្បីជំរុញ និងលើកកម្ពស់គុណភាពអប់រំតាំងពីកម្រិតមូលដ្ឋាន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺ «បញ្ចកោណទី១៖ ការអភិវឌ្ឍធនធានមនុស្ស» ផ្ដោតលើការលើកកម្ពស់គុណភាពវិស័យអប់រំកាយ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ទន្ទឹមនោះ លោកអភិបាលស្រុកព្រៃនប់ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាល និងកសាងគ្រឹះចំណេះដឹងយ៉ាងរឹងមាំដល់ទំពាំងស្នងឫស្សីសម្រាប់កូនចៅរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ទទួលបានចំណេះដឹង និងបំណិនជីវិតថ្មីៗ៕

ដោយ ងូ សុមុនី





