ផ្លូវបេតុងថ្មី ១,៤០០ម៉ែត្រ នៅឃុំឫស្សីក្រោក៖ ក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋ និងការប្តេជ្ញាចិត្តពង្រឹងសរសៃឈាមសេដ្ឋកិច្ចជនបទពីអាជ្ញាធរស្រុកមង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦-- ការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ល្បាប់ភក់នារដូវវស្សារបស់ប្រជាពលរដ្ឋនៅភូមិជំទាវ ឃុំឫស្សីក្រោក ជិតឈានដល់ទីបញ្ចប់ហើយ ខណៈដែលអាជ្ញាធរស្រុកមង្គលបូរី កំពុងជម្រុញយុទ្ធនាការប្តូរមុខមាត់ផ្លូវដីដែលរងការខូចខាត ឱ្យទៅជាផ្លូវបេតុងអាមេដ៏រឹងមាំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់មូលដ្ឋាន។
កាលពីរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវបេតុងមួយខ្សែ ប្រវែង ១,៤០០ ម៉ែត្រ ដែលកំពុងដំណើរការយ៉ាងសកម្មនៅភូមិជំទាវ ឃុំឫស្សីក្រោក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសចុះពិនិត្យការដ្ឋាននោះ លោក រ័ត្ន ដាស៊ីណង់ បានគូសបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក និងឃុំ ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ លោកអភិបាលស្រុកបានមានប្រសាសន៍លើកឡើងថា«រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសនៅតំបន់ជនបទដែលប្រឈមនឹងការលំបាកផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ការជួសជុលនិងស្ថាបនាផ្លូវនេះ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អគុណភាពជីវិតប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍផ្លូវគមនាគមន៍ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។»

លោកអភិបាលស្រុកបានបន្តអះអាងពីផលប្រយោជន៍វែងឆ្ងាយនៃផ្លូវបេតុងនេះថា សម្រួលការធ្វើដំណើរកាត់បន្ថយពេលវេលា និងការចំណាយលើការធ្វើដំណើររបស់ពលរដ្ឋ។ ជំរុញសេដ្ឋកិច្ច ជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់បងប្អូនកសិករទៅកាន់ទីផ្សារបានលឿន និងទាន់ពេលវេលា។លើកកម្ពស់ជីវភាព ជួយបង្កើនឱកាសសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោកបានប្តេជ្ញាចិត្តថា នឹងខិតខំពន្លឿនគម្រោងស្ថាបនានេះឱ្យបានឆាប់រួចរាល់តាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងចង់បានផ្លូវល្អរឹងមាំប្រើប្រាស់បានយូរអង្វែងរបស់ប្រជាពលរដ្ឋ។ សម្រែកត្រេកអរពីពលរដ្ឋលាហើយល្បាប់ភក់ និងការលំបាកពេលឈឺថ្កាត់ការផ្លាស់ប្តូរពីផ្លូវដីរងការខូចខាតមកជាផ្លូវបេតុងរឹងមាំនេះ បានបង្កើតជាក្តីរំភើបរីករាយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវបានសម្តែងចំណាប់អារម្មណ៍ទាំងក្តីរំភើបថា ផ្លូវមួយខ្សែនេះបានរងការខូចខាតជាយូរមកហើយ បង្កការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ម្តងៗ ផ្លូវក្លាយជាល្បាប់ភក់ជ្រៅ ពិបាកទាំងការចេញចូលផ្ទះ និងការធ្វើដំណើររបស់កូនចៅទៅសាលារៀន។ អ្វីដែលជាក្តីបារម្ភបំផុតនោះគឺ នៅពេលមានសមាជិកគ្រួសារឈឺថ្កាត់ម្តងៗ ការដឹកបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យមានភាពយឺតយ៉ាវ និងលំបាកខ្លាំងណាស់។
ឥឡូវនេះ នៅពេលឃើញគ្រឿងចក្រចុះមកចាក់បេតុងស្អាតល្អ ពួកគាត់មានក្តីសង្ឃឹមយ៉ាងមុតមាំថា ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងសុខុមាលភាពរបស់គ្រួសារនីមួយៗនឹងត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
គួរបញ្ជាក់ផងដែរថា ការយកចិត្តទុកដាក់លើការជួសជុល និងស្ថាបនាផ្លូវជនបទជាប្រចាំ គឺជាទិសដៅអាទិភាពដ៏សំខាន់មួយរបស់អាជ្ញាធរស្រុកមង្គលបូរី និងអាជ្ញាធរឃុំ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិផ្ដើមចេញពីមូលដ្ឋាន។ សកម្មភាពនេះមិនត្រឹមតែស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគ្រឹះស្ថានដ៏រឹងមាំក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យទាំងមូលផងដែរ៕
ដោយ ឈុន សារ៉ាត





