អង្គការសុខភាពពិភពលោកប្រកាសពីការផ្ទុះឡើងនៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា ជាគ្រាអាសន្នសុខភាពសកលលោក
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ -- អង្គការសុខភាពពិភពលោក(WHO) បានប្រកាសពីការផ្ទុះឡើងនៃជំងឺអេបូឡាដែលប៉ះពាល់ដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអ៊ូហ្គង់ដា ជាគ្រាអាសន្នសុខភាពសកលលោក បន្ទាប់ពីការឆ្លង និងការស្លាប់ដែលសង្ស័យថាបានបន្តកើនឡើងនៅភាគខាងកើតនៃប្រទេសកុងហ្គោ ហើយករណីដែលបានបញ្ជាក់បានលេចចេញលើសពីតំបន់ផ្ទុះឡើងដំបូង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យអង្គការសុខភាពពិភពលោកបាននិយាយថា លោកអគ្គនាយក ធេដ្រូស អាដហាណម ហ្គេប្រេយេស៊ុស (Tedros Adhanom Ghebreyesus) បានកំណត់ថា ការផ្ទុះឡើងនេះបានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់គ្រាអាសន្នសុខភាពសាធារណៈដែលជាកង្វល់អន្តរជាតិ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយអាជ្ញាធរនៅក្នុងប្រទេសទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយ វាបានបន្ថែមថា ស្ថានភាពនេះមិនទាន់ត្រូវបានចាត់ថ្នាក់ជាគ្រាអាសន្នរាតត្បាតនៅឡើយទេ។
យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ករណីសង្ស័យថាមានជំងឺអេបូឡាប្រហែល ២៤៦ករណី និងការស្លាប់ដែលសង្ស័យថាមានចំនួន ៨០ករណីត្រូវបានរាយការណ៍នៅក្នុងខេត្តអ៊ីទូរី នៅភាគខាងកើតនៃប្រទេសកុងហ្គោ រួមទាំងការឆ្លងដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ចំនួនប្រាំបី។ ករណីដែលបានបញ្ជាក់បន្ថែមក៏ត្រូវបានកត់ត្រានៅក្នុងទីក្រុងកាំប៉ាឡា រដ្ឋធានីរបស់ប្រទេសអ៊ូហ្គង់ដា និងនៅទីក្រុងគីស្សាសា រដ្ឋធានីរបស់ប្រទេសកុងហ្គោផងដែរ។
ទីភ្នាក់ងារនេះបានព្រមានថា ការផ្ទុះឡើងនៃជំងឺនេះអាចមានលក្ខណៈទូលំទូលាយជាងតួលេខបច្ចុប្បន្នដែលបានផ្សាយចេញ ដោយលើកឡើងពីភាពមិនប្រាកដប្រជាជុំវិញចំនួនពិតប្រាកដនៃករណីឆ្លង និងការរីករាលដាលនៃវីរុសតាមភូមិសាស្ត្រ។
មន្ត្រីសុខាភិបាលបាននិយាយថា ការផ្ទុះឡើងនៃជំងឺនេះបច្ចុប្បន្នពាក់ព័ន្ធនឹងប្រភេទ Bundibugyo នៃជំងឺអេបូឡា ដែលមិនមានវ៉ាក់សាំងដែលត្រូវបានអនុម័ត ឬការព្យាបាលជាក់លាក់ណាមួយដែលអាចរកបាននោះទេ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិកបាននិយាយថា ខ្លួនកំពុងសម្របសម្រួលជាមួយអាជ្ញាធរក្នុងតំបន់ និងដៃគូអន្តរជាតិ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើង និងកាត់បន្ថយហានិភ័យនៃការចម្លងឆ្លងដែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





