អ៊ីរ៉ង់ប្រកាសស្ថាប័នថ្មីមួយដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រមុស
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ -- អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃចន្ទអំពីការបង្កើតស្ថាប័នថ្មីមួយដែលមានភារកិច្ចគ្រប់គ្រងច្រកសមុទ្រហ័រមុស ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិកលើផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ។
ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយនៅលើបណ្តាញសង្គមអ៊ិចថា អាជ្ញាធរថ្មីនេះនឹងផ្តល់ព័ត៌មានថ្មីៗជាបន្ទាន់ទាក់ទងនឹងប្រតិបត្តិការច្រកសមុទ្រហ័រមុស និងការវិវត្តចុងក្រោយបំផុត។
មិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានចេញផ្សាយទាក់ទងនឹងរចនាសម្ព័ន្ធ អំណាច ឬការទទួលខុសត្រូវរបស់ស្ថាប័នថ្មីនោះទេ។
ច្រកសមុទ្រហ័រមុស គឺជាចំណុចតភ្ជាប់ថាមពលដ៏សំខាន់មួយរបស់ពិភពលោក ដែលភ្ជាប់ឈូងសមុទ្រនេះជាមួយឈូងសមុទ្រអូម៉ង់ និងទីផ្សារអន្តរជាតិ។ ការរំខាននៅក្នុងតំបន់នេះបានជំរុញឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង ឥន្ធនៈ និងឧស្ម័នជាសកលចាប់តាំងពីការចាប់ផ្តើមសង្គ្រាមអ៊ីរ៉ង់។
កាលពីពេលថ្មីៗនេះ លោក អេប្រាហ៊ីម អាហ្ស៊ីហ្ស៊ី (Ebrahim Azizi)ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោកបានរៀបចំយន្តការមួយដើម្បីគ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រតាមរយៈផ្លូវដែលបានកំណត់នៅច្រកសមុទ្រហ័រមុស ហើយនឹងគិតថ្លៃសម្រាប់សេវាកម្មឯកទេស ដែលផ្តល់ជូនក្រោមប្រព័ន្ធនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





