អ៊ីរ៉ង់និយាយថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅតែបន្តតាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្មែល បាកាអ៊ី (Esmaeil Baqaei) បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅតែបន្តតាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន។
លោក បាកាអ៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Mehr ថា «ពួកគេបានលើកឡើងពីការរំពឹងទុកអំពីការចម្រាញ់ និងសម្ភារៈសារធាតុអ៊ុយរ៉ាញ៉ូម ហើយយើងបានប្រកាសថាវាគ្មានមូលដ្ឋានទេ»។
លោកបានបន្ថែមថា «ជនជាតិអាម៉េរិកបានដាក់សំណើ ហើយយើងក៏បានដាក់ទស្សនៈរបស់យើងផងដែរ»។
លោក បាកាអ៊ី ក៏បានឆ្លើយតបទៅនឹងសេចក្តីសម្រេចដែលបានស្នើឡើងរវាងសហរដ្ឋអាមេរិក និងបារ៉ែនទៅលើច្រកសមុទ្រហ័រមុសដែរ ដោយលោកបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចចោទប្រកាន់អ៊ីរ៉ង់ថាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខតំបន់នោះទេ។
ទន្ទឹមនឹងនេះ ប្រភពមួយដែលជិតស្និទ្ធនឹងកិច្ចចរចាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim ថា ទីក្រុងតេអេរ៉ង់បានដាក់ស្នើអត្ថបទកែសម្រួលចំនួន ១៤ចំណុចទៅកាន់អ្នកសម្របសម្រួលប៉ាគីស្ថាន ដែលត្រូវបានគេរំពឹងថានឹងបញ្ជូនវាទៅភាគីសហរដ្ឋអាមេរិក។
ប្រភពដដែលបានបន្ថែមថា ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្ញើសារជាអក្សរមួយដើម្បីឆ្លើយតបទៅនឹងសំណើ ១៤ចំណុចមុនរបស់អ៊ីរ៉ង់ ហើយក៏ត្រូវបានបញ្ជូនតាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថានផងដែរ។
យោងតាមប្រភពដដែល អ៊ីរ៉ង់បានដាក់ស្នើកំណែកែសម្រួលរបស់ខ្លួនបន្ទាប់ពីបានណែនាំវិសោធនកម្មស្របតាមយន្តការដែលបានបង្កើតឡើងសម្រាប់ការផ្លាស់ប្តូរសាររវាងភាគីទាំងពីរ។
ប្រភពដដែលបាននិយាយថា អត្ថបទថ្មីរបស់អ៊ីរ៉ង់ផ្តោតទៅលើកិច្ចចរចាដែលមានគោលបំណង «បញ្ចប់សង្គ្រាម» និងវិធានការកសាងទំនុកចិត្តដែលរំពឹងទុកពីភាគីអាម៉េរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





