អាស៊ែបៃហ្សង់ និងហ្សកហ្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រថាមពល និងដឹកជញ្ជូន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ -- ប្រទេសអាស៊ែបៃហ្សង់ និងហ្សកហ្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាបន្តបន្ទាប់ក្នុងវិស័យថាមពល និងដឹកជញ្ជូន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក អ៊ីរ៉ាក់លី កូបាឃីដហ្សេ (Irakli Kobakhidze)ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃចន្ទ សម្រាប់សម័យប្រជុំលើកទី១៣ នៃវេទិកាទីក្រុងពិភពលោក។
យោងតាមសេវាសារព័ត៌មានប្រធានាធិបតីអាស៊ែបៃហ្សង់ បានឱ្យដឹងថា កិច្ចព្រមព្រៀងទាំងនេះគ្របដណ្តប់លើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិអាស៊ែបៃហ្សង់រយៈពេលវែងទៅកាន់ប្រទេសហ្សកហ្ស៊ី ការផ្គត់ផ្គង់អគ្គិសនី និងការដឹកជញ្ជូនឆ្លងកាត់ទឹកដីហ្សកហ្ស៊ី ក៏ដូចជាកិច្ចសហប្រតិបត្តិការដឹកជញ្ជូនដែលមានគោលបំណងពង្រឹងការតភ្ជាប់ក្នុងតំបន់។
ក្នុងចំណោមឯកសារដែលបានចុះហត្ថលេខា មានកិច្ចព្រមព្រៀងរយៈពេល ២០ឆ្នាំស្តីពីការផ្គត់ផ្គង់ឧស្ម័នអាស៊ែបៃហ្សង់ទៅកាន់ប្រទេសហ្សកហ្ស៊ី និងកិច្ចព្រមព្រៀងថ្មីមួយទាក់ទងនឹងផ្នែកបំពង់បង្ហូរប្រេងបាគូ-ស៊ូបសា។
រដ្ឋាភិបាលហ្សកហ្ស៊ីបាននិយាយថា កិច្ចព្រមព្រៀងឧស្ម័នថ្មីមានសារៈសំខាន់ជាពិសេស ពីព្រោះកិច្ចសន្យាមុន ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០៣ បានផុតកំណត់។
កិច្ចព្រមព្រៀងស្តីពីបំពង់បង្ហូរប្រេងបាគូ-ស៊ូបសា ត្រូវបានគេរំពឹងថានឹងសម្រួលដល់ការបន្តការដឹកជញ្ជូនប្រេងពីអាស៊ីកណ្តាលតាមរយៈហ្សកហ្ស៊ីទៅកាន់ទីផ្សារអឺរ៉ុប និងបង្កើនប្រាក់ចំណូលដឹកជញ្ជូនរបស់ប្រទេសហ្សកហ្ស៊ី។
នៅក្នុងវិស័យផ្លូវដែក ប្រទេសទាំងពីរបានចុះហត្ថលេខាលើពិធីសារមួយស្តីពីការអភិវឌ្ឍជាបន្តបន្ទាប់នៃច្រករបៀងផ្លូវដែកបាគូ-ទីប៊ីលីស៊ី-កាសរួមទាំងការងារស្តារឡើងវិញ និងកសាងឡើងវិញលើតំបន់ម៉ារ៉ាបដា-កាតសាគី។
សេវាកម្មរថភ្លើងដឹកអ្នកដំណើររវាងប្រទេសហ្សកហ្ស៊ី និងអាស៊ែបៃហ្សង់ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញបន្ទាប់ពីការផ្អាករយៈពេលប្រាំមួយឆ្នាំ។ អាជ្ញាធរហ្សកហ្ស៊ីបាននិយាយថា សេវាកម្មរថភ្លើងត្រូវបានគ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៦ ខែឧសភា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





