ក្រសួងឧស្សាហកម្មលើកកម្ពស់ស្តង់ដា និងសុវត្ថិភាពឧបករណ៍ឧស្សាហកម្មក្នុងរោងចក្រ និងសិប្បកម្ម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦--ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន តេ ហ្សុង (Te Zhong Shebei Jiance Yanjiu Yuan Cambodia Co., Ltd.) សហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តអនុស្សរណៈ នៃការយោគយល់ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និងសុវត្ថិភាពសម្រាប់ឧបករណ៍ និងម៉ាស៊ីនដែលមានហានិភ័យនៅក្នុងរោងចក្រ និងសិប្បកម្ម។

សិក្ខាសាលាបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងមន្ត្រីរាជការក្រសួង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងតំណាងសមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម សរុបជាង ៣០០នាក់។

សិក្ខាសាលានេះមានគោលបំណងពង្រឹងការយល់ដឹង និងការអនុវត្តការគ្រប់គ្រងលក្ខណៈបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្មសម្រាប់ឧបករណ៍ ដូចជាឡចំហាយ ធុងផ្ទុកសម្ពាធខ្ពស់ និងឧបករណ៍ដែលមានហានិភ័យនៅក្នុងរោងចក្រ និងសិប្បកម្ម ឱ្យស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

សិក្ខាសាលាក៏បានលើកទឹកចិត្តម្ចាស់រោងចក្រ-សិប្បកម្ម អ្នកគ្រប់គ្រង អ្នកដំឡើង អ្នកបញ្ជា និងភាគីពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាព និងការប្រើប្រាស់ឧបករណ៍ឧស្សាហកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់។
ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី បានលើកឡើងថា ការពង្រឹងស្តង់ដា និងសុវត្ថិភាពឧស្សាហកម្ម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនផលិតភាព ការការពារសុវត្ថិភាពកម្មករ-និយោជិត និងលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មកម្ពុជា ស្របតាមស្តង់ដាអន្តរជាតិ និងលក្ខខណ្ឌតម្រូវទីផ្សារ ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច៕
ដោយ AKP





