ក្រុមនារីភ្នំពេញក្រោនបន្តឈរលើកំពូលតារាង លីគនារីកម្ពុជា សប្តាហ៍ទី៤
AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦--ក្រុមនារី ភ្នំពេញក្រោនបន្តក្តោបក្តាប់តំណែងលើកំពូលតារាង នៅក្នុងជំនួបសប្តាហ៍ទី៤ ចុងសប្តាហ៍នេះនៃក្របខ័ណ្ឌខេមបូឌានលីគនារីកម្ពុជា រដូវកាល ២០២៦ បន្ទាប់ពីប្រជែងបាន៣ពីន្ទុបន្ថែមពីក្រុមបឹងកេត ដោយលទ្ធផល ៦-០។

ក្រុមការពារតំណែងជើងលីគ លីគនារីកម្ពុជា ភ្នំពេញក្រោនបានឆ្លងកាត់ ៤ប្រកួត ឈ្នះទាំង៤ប្រកួត ទទួលបាន១២ពិន្ទុ ដោយ៤ប្រកួតនេះរកគ្រាប់បាល់បានរហូតដល់ ៥០គ្រាប់ របូតវិញ១គ្រាប់ និងនៅសល់គ្រាប់បាល់ចំណេញ ៤៩គ្រាប់។ ចំពោះក្រុមនារី វិសាខាបានឡើងមកឈរនៅតំណែងលេខ២បណ្តោះអាសន្នជំនួសតំណែង ព្រះខ័នរាជស្វាយរៀងវិញ ក្រោយរកបាន៣ពិន្ទុដោយពីក្រុមមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ២៤-០។ ៤ប្រកួតរបស់វិសាខា ឈ្នះ៣ ស្មើ១ និងចាញ់១ប្រកួតមាន ១០ពិន្ទុ ឈរលេខ២ ខណៈព្រះខ័នរាជស្វាយរៀង ធ្លាក់មកលេខ៣វិញ ក្រោយប្រកួតចាញ់ក្រុមសៀមរាប ៤-៣ ហើយនៅរក្សា ៩ពិន្ទុដដែល ក្រោយឈ្នះ៣ និងចាញ់១ប្រកួត។ ចំពោះ១ប្រកួតផ្សេងទៀត ក្នុងជំនួបសប្តាហ៍ទី៤នេះដែរ គឺណាហ្គាវើលដ៍ បានយកឈ្នះ ក្រុមអិកអូហ៍ យូណាយធីត ២-០។

គួរបញ្ជាក់ថា យោងតាមកម្មវិធីប្រកួតខេមបូឌានលីគនារីកម្ពុជា រដូវកាល ២០២៦ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) មាន៨ក្រុមចូលរួម ដោយក្រុមទាំង៨នឹងត្រូវបន្តជួបគ្នាចំនួន២ជើង ក្នុងដី និងក្រៅដី។ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុទាំងពីរជើង គឺ៤ក្រុមលើកំពូលតារាងនឹងត្រូវបន្តប្រកួតប្រជែងគ្នា នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ក្នុងនោះក្រុមលេខ១ ប៉ះ ក្រុមលេខ៤ ខណៈក្រុមលេខ២ ប៉ះ ក្រុមលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះៗ២ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ រីឯ២ក្រុមចាញ់ៗត្រូវប្រកួតគ្នាដណ្តើមចំណាត់ថ្នាក់លេខ៣។ ចំពោះ១ប្រកួតដណ្តើមលេខ៣ និង១ប្រកួតដណ្តើមជើងឯកប្រចាំរដូវកាល វគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ ការប្រកួតលីគនារីកម្ពុជា រដូវលនេះនឹងមានចំនួនប្រកួតសរុប ៦០ប្រកួត ដោយប្រើប្រាស់រយៈពេល ១៦សប្តាហ៍៕
ដោយ ហេង ណាលីន (រូបភាព៖ CWL)





