រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំធ្វើវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិភាក្សាជាមួយប្រជាពលរដ្ឋ
AKP ត្បូងឃ្មុំ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ប៉េង សម្បត្តិ និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាមួយលោក បួ ឆៃយ៉ា តំណាងអង្គភាពគ្រប់គ្រងគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជានៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង «វេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិភាក្សាជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនត្រពាំងផ្លុង និងផ្លូវជាតិលេខ៧២» កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

វេទិកានេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ក្នុងភូមិសាស្ត្រឃុំក្រែក និងឃុំត្រពាំងផ្លុង យ៉ាងច្រើនកុះករ រួមទាំងតំណាងអតីតយុទ្ធជន ចំនួន៨៧គ្រួសារ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉េង សម្បត្តិ បានបញ្ជាក់ថា ខេត្តត្បូងឃ្មុំនឹងទទួលបានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីស្រឡាងមួយពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានពី ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។ គម្រោងនេះមានឈ្មោះជាផ្លូវការថា «គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា» (Cambodia - Cross Border Enhancement Project - 3CEP) អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

សម្រាប់ភូមិសាស្ត្រឃុំត្រពាំងផ្លុង នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានអនុគម្រោងធំៗចំនួន ២ នឹងត្រូវលេចរូបរាងឡើង រួមមាន៖ (១). ការកែលម្អនិងពង្រីកផ្លូវជាតិលេខ៧២ ដែលមានប្រវែង ១៤ គីឡូម៉ែត្រ និង (២). ការកែលម្អ និងសាងសង់ច្រកទ្វារព្រំដែន ចំនួន១ទីតាំង ដែលរួមមាន៖ ការសាងសង់កន្លែងចតរថយន្តធំទូលាយ ទីតាំងផ្ទុកទំនិញឱ្យបានត្រឹមត្រូវ តំបន់ត្រួតពិនិត្យទំនិញនាំចេញ និងនាំចូល អគារត្រួតពិនិត្យឯកសារ អគារអន្តោប្រវេសន៍ អគាររដ្ឋបាល លំនៅដ្ឋានសម្រាប់មន្ត្រី កន្លែងអនាម័យនិងទីតាំងសម្រាប់សកម្មភាពពាណិជ្ជកម្មផ្សេងៗ ដូចជាផ្សារ ទំនើប និងហាងកាហ្វេជាដើម។

លោក បួ ឆៃយ៉ា តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់បន្ថែមថា គម្រោង 3CEP នេះ មានគោលបំណងចម្បងក្នុងការបង្កើនទំហំពាណិជ្ជកម្មក្នុងតំបន់ ជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម (Logistics) រវាងប្រទេសកម្ពុជា និងវៀតណាម។ ជាមួយគ្នានេះ គម្រោង 3CEP នេះមានវិសាលភាពគ្របដណ្តប់លើការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (CBFs) ក្នុងខេត្តគោលដៅចំនួនបួន រួមមាន៖ ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ), ច្រកទ្វារអន្តរជាតិភ្នំដិន (ខេត្តតាកែវ), ច្រកទ្វារអន្តរជាតិត្រពាំងស្រែ (ខេត្តក្រចេះ) និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ (ខេត្តរតនគីរី) និងការកែលម្អ និង ពង្រីកផ្លូវជាតិចំនួន បួនខ្សែ ក្នុងខេត្តទាំងបួនខាងលើដែលមានប្រវែងសរុបប្រហែល ១៦០គីឡូម៉ែត្រ។
ក្នុងពេលនោះក៏មានសំណួរជាច្រើនដែលប្រជាពលរដ្ឋបានចោទសួរ ទាក់ទងទៅនឹងផលប៉ះពាល់ពីការអនុវត្តគម្រោងនេះ និងសំណងលើការខូចខាត ឬលើការផ្លាស់ប្តូរទីលំនៅ ទីប្រឹក្សាគម្រោង បានជម្រាបជូនប្រជាពលរដ្ឋថា ក្នុងករណីមានការខូចខាត ឬមានការផ្លាស់ប្តូរទីលំនៅ គម្រោងនឹងមានយន្តការដោះស្រាយបញ្ហាទាំងនេះ ដោយយុត្តិធម៌ និងតម្លាភាព ដែលពួកគាត់អាចទទួលយកបានមុនពេលចាប់ផ្តើមការសាងសង់។
ឯកឧត្តម ប៉េង សម្បតិ្ត បានគូសបញ្ជាក់ថា គម្រោង 3CEP មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការទាក់ទាញការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងបង្កើតឱកាសការងារយ៉ាងច្រើន ដល់សហគមន៍មូលដ្ឋាន។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរងខេត្តក៏បានជំរុញ និងស្នើឱ្យអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ សហការគ្នាយ៉ាងជិតស្និទ្ធជាមួយអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងសាធារណការ ដើម្បីដោះស្រាយផលប៉ះពាល់នានា ឱ្យបានរលូននិងស្របតាមផែនការដែលបានគ្រោងទុក។
គួរបញ្ជាក់ដែរថា ការងារសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ និងគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២៩ ដោយប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ២.៥ ឆ្នាំ។ សមិទ្ធផលថ្មីនេះ គឺជាជំហានវិវឌ្ឍន៍ដ៏សំខាន់មួយទៀតរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មខ្លួនទៅក្នុងអនុតំបន់ទន្លេមេគង្គ (GMS) និងការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សេដ្ឋកិច្ចដ៏រស់រវើក និងប្រកបដោយចីរភាព៕
ដោយ AKP





