ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍នៅក្រុងស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦-- ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសហការី នាំយកថវិកាបេឡាមរណសង្គ្រោះ ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ និងគោរពវិញ្ញាណក្ខន្ធលោកពលបាលទោ ទឹម យុទ្ធី អាយុ៥៦ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធកាលពីពេលថ្មីៗកន្លងទៅនេះ។

លោក អនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដោយបានគូសបញ្ជាក់អំពីប្រវត្តិរបស់លោកពលបាលទោ ទឹម យុទ្ធី ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨៣ នៅអង្គភាព កងវិស្វកម្ម អគ្គបញ្ជាការ ហើយក្រោយមកត្រូវបានក្រសួងការពារជាតិ បានដាក់ឱ្យចូលជាយោធិនសោធននិវត្តន៍ នៅឆ្នាំ២០០០។ លោកមានភរិយាឈ្មោះ ជួប សុខមន មានកូននៅក្នុងបន្ទុកចំនួន ៤នាក់ រស់នៅភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកពលបាលទោ ទឹម យុទ្ធី ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ជាស្វាមី និងជាឪពុកដ៏ល្អ ក្នុងគ្រួសាររបស់លោកស្រី ជួប សុខមន ដែលត្រូវជាភរិយា និងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធលោកឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានិងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ។

លោក ហេន ស៊ាងហ៊ុន តំណាងឱ្យក្រុមគ្រួសារសពលោកពលបាលទោ ទឹម យុទ្ធី បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្ដេចតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាង ដើម្បីជួយដោះស្រាយការលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងសូមគោរពជូនពរសម្តេចទាំងទ្វេសូមទទួលបាននូវសុខភាពល្អ នឹងជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា៕
ដោយ ស៊ុម វណ្ណា





