គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំនិងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ចុះសួរសុខទុក្ខ នាំយកអំណោយប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតនៅស្រុកប្រាសាទបល្ល័ង្ក
AKP កំពង់ធំ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦--លោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី តុប ច័ន្ទកញ្ញា ប្រធានអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន០៣គ្រួសារ៖ ១. ឈ្មោះ ចាត ប៉ិច អាយុ ៧៦ឆ្នាំនៅភូមិក្រញូង ឃុំផាន់ញើម។ ២. ឈ្មោះ លឿន ណាននៅភូមិគគរឃុំសាមគ្គី និង៣. លោកស្រី នួន គំនិត រស់នៅភូមិសាលាវិសយ័ ឃុំសាលាវិសយ័ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវ សៀង លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារខេត្ត លោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរកិច្ចការីខេត្តនិងជាអនុប្រធានអចិន្រ្តៃយ៍ លោកស្រី ទន សុខនាក្រុមការងារគាំទ្រគ ក ស កខេត្ត ក្រុមការងារថ្នាក់ស្រុក/ឃុំ និងភូមិជាច្រើនទៀត។

លោកស្រី លំ គន្ធារី បានបញ្ជាក់ថា ជានិច្ចកាលគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ តែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅជាមួយបងប្អូននៅគ្រប់ទីកន្លែង ដោយបានជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជួយសម្រាលនូវការលំបាកខ្វះខាតជូនដល់ក្រុមគ្រួសារនៅតាមមូលដ្ឋាននានា នៅក្នុងខេត្តកំពង់ធំ។ ជាមួយនោះដែរ ក៏បានស្រាវជ្រាវរកក្រុមគ្រួសារដែលមានជីវភាពលំបាកខ្វះខាតដើម្បីឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈផ្សេងៗ និងថវិកាមួយចំនួនក្នុងការជួយពួកគាត់ឱ្យបានទាន់ពេលវេលា។

លោកស្រី លំ គន្ធារី បានបន្តទៀតថាដោយអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតជូនក្រុមគ្រួសារដែលជួបបញ្ហាឱ្យបានល្អប្រសើរ។ ជាក់ស្ដែងនៅថ្ងៃនេះ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ក្នុងការលើកទឹកចិត្ត និងជួយសម្រួលការលំបាកបានមួយកម្រិតផងដែរ។

សូមបញ្ជាក់ថា អំណោយរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំនិងអង្គការសង្រ្គោះជនទុរគតនិងមនុស្សចាស់ដែលត្រូវប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត០៣គ្រួសារ ក្នុង១គ្រួសារទទួលបាននូវអង្ករ១បេ ទឹកត្រី១យូរ ទឹកស៊ីអ៊ីវ១យួរ មី១កេស កន្សែងពោះគោ កន្ទេល ចាន ស្លាបព្រា សាប៊ូបោកខោអាវ និងថវិកាមួយចំនួនផងដែរ៕
ដោយ ស៊ុម វណ្ណា





