សកម្មភាពមនុស្សធម៌ទាន់ចិត្តឆ្លើយតបនឹងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ២៤គ្រួសារ នៅស្រុកព្រះនេត្រព្រះ
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦--នៅក្នុងស្មារតីសង្គ្រោះបន្ទាន់ និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោ ថ្នាក់ដឹកនាំនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីនាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសារប្រជាពលរដ្ឋចំនួន២៤គ្រួសារ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារបាតុភូតខ្យល់កន្ត្រាក់នៅក្នុងមូលដ្ឋានឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

ឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងភ្លាមៗនេះ ក្រោមការណែនាំផ្ទាល់ពី ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ លោក ឃុន វុទ្ធី អនុប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារ រួមមានសមាជិក សមាជិកាគណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខ និងចែកអំណោយសង្គ្រោះបន្ទាន់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដល់មូលដ្ឋាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ លោក ឃុន វុទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសេចក្ដីនឹករឭក និងការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឌិត ទីណា ប្រធានកិត្តិយសសាខាខេត្ត«ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។ នេះជាទិសដៅការងារស្នូលដែលថ្នាក់ដឹកនាំជានិច្ចកាលតែងតែគិតគូរ និងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ដើម្បីជួយសម្រាលទុក្ខលំបាក និងការខ្វះខាតភ្លាមៗ ក្រុមការងារបានផ្តល់ជូននូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈជួសជុលផ្ទះសម្បែង ទៅតាមទំហំនៃការខូចខាតជាក់ស្តែង។កញ្ចប់អំណោយសម្រាប់គ្រួសារនីមួយៗរួមមានស័ង្កសី តាមចំនួននៃការខូចខាតជាក់ស្តែង អង្ករ២៥គីឡូក្រាម មី២៥កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាឧបត្ថម្ភមួយចំនួន។

ក្រៅពីការចែកអំណោយ លោកអនុប្រធានគណៈកម្មាធិការសាខា ក៏បានសង្កត់ធ្ងន់លើការការពារខ្លួនពីគ្រោះថ្នាក់នានា និងការថែទាំសុខភាព តាមរយៈការណែនាំសំខាន់ៗ វិធានការសុវត្ថិភាពចំពោះអាកាសធាតុ និងគ្រោះអគ្គិភ័យប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ដោយសារបម្រែបម្រួលអាកាសធាតុ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ប្រជាពលរដ្ឋត្រូវពិនិត្យ និងចងរឹតពង្រឹងរចនាសម្ព័ន្ធផ្ទះសម្បែងឱ្យបានរឹងមាំ។ បង្កើនការប្រុងប្រយ័ត្នចំពោះភ្លើងនៅក្នុងរដូវក្ដៅនេះ ត្រូវគ្រប់គ្រង និងប្រើប្រាស់ចរន្តអគ្គិសនី និងភ្លើងចង្ក្រានឱ្យបានហ្មត់ចត់ ដើម្បីបង្ការគ្រោះអគ្គិភ័យ។ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងនានា ដូចជាជំងឺកូវីដ-១៩, ផ្ដាសាយបក្សី (H5N1), គ្រុនចាញ់, និងគ្រុនឈីក-គ្រុនឈាម ដោយត្រូវរស់នៅមានអនាម័យ និងគេងក្នុងមុង។ ផ្លាស់ប្តូរទម្លាប់នៃការហូបចុក កាត់បន្ថយអាហារដែលមានរសជាតិ ផ្អែមពេក ប្រៃពេក និងខ្លាញ់ពេក កាត់បន្ថយការពិសារភេសជ្ជៈកំប៉ុង។ហាត់ប្រាណជាប្រចាំរាល់ថ្ងៃនិងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។
សកម្មភាពមនុស្សធម៌នាពេលនេះ មិនត្រឹមតែជាការជួយសង្គ្រោះផ្នែកជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពកក់ក្តៅ និងអាចរៀបចំជីវភាពរស់នៅប្រចាំថ្ងៃឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ៕
ដោយ ឈុន សារ៉ាត





