កាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន អបអរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម
AKP សៀមរាប ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦-- ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ១៨៦៣ - ៨ ឧសភា ២០២៦ ក្រោមមូលបទ បន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ បានអញ្ជើញទទួលអំណោយជាថវិកាពីមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក វិស័យឯកជន និងសប្បុរសជននានា ដែលបានឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយពិធីទទួលអំណោយនេះបានប្រារព្ធឡើងនៅ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប គេនៅពុំទាន់បានបូកសរុបអំពីតួរលេខនៃថវិការដែលប្រមូលបានពីសប្បុរសជនទាំងអស់នៅឡើយទេ តែ គេបានបង្ហាញថា រយៈពេល១២ខែឆ្នាំ២០២៥កន្លងមកនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបំពេញសកម្មភាពមនុស្សធម៌ដោយចែកអំណោយជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះសរុបបានចំនួន ៧ ៤៤៧គ្រួសារ ៦វត្ត និងផ្ទះមនុស្សធម៌ចំនួន៤ខ្នង ដោយក្នុង នោះបូករួមទាំងធនធានបានមកពីកាកបាទក្រហមកម្ពុជាផង និងសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបផង។

ថ្លែងនៅក្នុងពិធីប្រគល់និងទទួលនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណចំពោះសន្តានចិត្តសប្បុរសធម៌របស់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការជួយគាំទ្រក្នុងបុព្វហេតុការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់គ្រួសារ ងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ពិសេសគ្រួសារភៀសសឹកកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយឯកឧត្តមបានបញ្ជាក់ថា ការចូលរួមបរិច្ចាគជាថវិកា ស្បៀងអាហារ និងសម្ភារៈផ្សេងៗ របស់សប្បុរសជនទាំងអស់ ជាប្រពៃណីនិងវប្បធម៌នៃការចែករំលែកដ៏ប្រសើរថ្លៃថ្លារបស់ប្រជាជាតិយើង ក្នុងការលើកកម្ពស់តម្លៃមនុស្សធម៌របស់ជនរងគ្រោះស្របតាមមូលបទ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់សម្រាប់ជួយដល់គ្រួសារមួយដែលកំពុងជួបការលំបាក។ ហើយលើសពីនេះទៅទៀត វាក៏ក្លាយទៅជាកម្លាំងចិត្តមួយសម្រាប់ម្ដាយម្នាក់ ដែលកំពុងបារម្ភពីកូនៗ ជាក្ដីសង្ឃឹមមួយសម្រាប់គ្រួសារភៀសសឹក ជាការលួងលោម និងលើកទឹកចិត្ត សម្រាប់គ្រួសារយុទ្ធជនពលី ឬយុទ្ធជនរងរបួស និងជាសារដ៏កក់ក្ដៅមួយ ប្រាប់ពួកគាត់ថាពួកគាត់មិនត្រូវបានបំភ្លេចចោលឡើយ។ សប្បុរសជនមិនមែនជាអ្នកដែលនៅឆ្ងាយពីប្រតិបត្តិការមនុស្សធម៌ទេ សប្បុរសជន គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌នេះ ហើយជាកម្លាំងពិតនៅពីក្រោយជំនួយដែលទៅដល់ដៃអ្នករងគ្រោះ៕

ដោយ ហង្ស សៀក





