អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា រួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននិងប្រើ App NoDrug ក្នុងសាលារៀន និងសហគមន៍
AKP បាត់ដំបង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦--អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និងប្រើ App NoDrug ក្នុងសាលារៀន និងសហគមន៍ ដើម្បីបង្កើនការយល់ដឹងដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាពិសេសការចូលរួមបង្ការទប់ស្កាត់កុំឱ្យបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក កុំឱ្យរីករាលដាលក្នុងសាលារៀន និងសហគមន៍។

តាមរយៈក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី ផលប៉ះពាល់ដល់សុខភាពបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក មេរោគអេដស៍ ជំងឺអេដស៍ ផលិតផលក្លែងក្លាយ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតាមគ្រឹះស្ថានសិក្សា នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងខេត្ដបាត់ដំបង។ ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីសំណាក់មន្រ្តីនៃអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងនិស្សិតចំនួនជាង៤០០នាក់ ដើម្បីក្លាយខ្លួនជាជនបង្គោលក្នុងដំណើររួមគ្នាអភិវឌ្ឍន៍មូលធនមនុស្សឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ធូ ភា អភិបាលរងខេត្ដ តំណាងអភិបាលខេត្តបាត់ដំបងបានលើកឡើងនូវសភាពការណ៍ទូទៅពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារបង្ក្រាបករណីបារីអេឡិចត្រូនិក Vape ។ល។ សំដៅរក្សាឱ្យបាននូវសុវត្ថិភាពប្រជាពលរដ្ឋ ពិសេសយុវជន យុវនារី និងសិស្សានុសិស្ស។ លោកអភិបាលរងខេត្ដ ក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ ត្រូវតែប្រើល្បឿនសូន្យមើលឆ្វេង-ស្ដាំមុនឆ្លងកាត់ពីផ្លូវតូចមកកាន់ផ្លូវធំ ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំនូវប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណកោតសរសើរ ចំពោះកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបានចាត់ទុក បញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់សមាសភាព បង្ការទប់ស្កាត់កុំឱ្យរីករាលដាលក្នុងសហគមន៍ ក្នុងនោះ យុវជនគឺជាកម្លាំងស្នូលជួយទៅដល់ការងារផ្សព្វផ្សាយ អប់រំ ផ្តល់ព័ត៌មានពិតដល់ក្រុមគ្រួសារក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ មិនទៅពាក់ព័ន្ធនឹងគ្រឿងញៀនដែលនាំទុក្ខដល់ខ្លួនឯង នាំចម្បែងដល់ក្រុមគ្រួសារ និងនាំបញ្ហាដល់សហគមន៍។ ឯកឧត្ដម ឧត្តមសេនីយ៍ឯកបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ត្រូវជួយផ្សព្វផ្សាយ និងប្រើប្រាស់App NoDrug: https://nodrugsnacd.com/download_kh ដើម្បីចំណេះដឹង ព័ត៌មាន កម្សាន្ត អប់រំ ព្យាបាល រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍។

ជាមួយគ្នានេះ ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត មហាបរិញ្ញា ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងថា សុខភាពគឺជីវិត ហើយការអប់រំគឺការអភិវឌ្ឍ ស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីសុខភាពសិក្សា រួមគ្នាបង្ការទប់ស្កាត់ និងដោះស្រាយរាល់បញ្ហាផ្សេងៗ គាំពាសុខភាពនិងអនាគតរបស់កុមារ/យុវជនដែលជាទំពាំងស្នងឬស្សី។

ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត មហាបរិញ្ញាបានមានប្រសាសន៍អំពាវនាវដល់អ្នកចូលរួមទាំងអស់ឱ្យខិតខំបង្កើនការងារផ្សព្វផ្សាយអប់រំ ផ្ដល់ចំណេះដឹង និងបំផុសការចូលរួមពីប្រជាពលរដ្ឋបន្ថែម ឆ្ពោះទៅជោគជ័យរួមគ្នាគឺកសាងបានសង្គមមួយដែលមានការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ ដោយគ្មានការញាំញីពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាសង្គមនានា និងជំរុញការទាញយកប្រើប្រាស់ App NoDrug បង្កើនចំណេះដឹងបច្ចេកវិទ្យា ដើម្បីធ្វើការសិក្សាស្រាវជ្រាវគឺ " រៀនឱ្យពូកែ រៀនឱ្យឆ្លាត "៕

ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





