ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ទស្សនាកម្សាន្តនៅភ្នំសំពៅ
AKP បាត់ដំបង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបង នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលបដិ សណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូតនៃសាធា រណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងក្រុមគ្រួសារដែលបានមកទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ដែលជាគោលដៅទេសចរណ៍ដ៏ប្រណីតប្រចាំខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដែលសម្រេចបានកន្លងមក ជា ពិសេសសួនច្បារថ្មីដែលទើបសាងសង់រួចរាល់ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យភ្ញៀវអង្គុយទស្សនាហ្វូងសត្វប្រចៀវ និងផែនការអភិវឌ្ឍបន្ថែមសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយឱ្យបានកាន់ តែច្រើនឡើងបន្ថែមទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើប្រណី តភាព ភាពទាក់ទាញ និងទេសភាពដ៏ស្រស់បំព្រងនៃរមណីយ ដ្ឋានភ្នំសំពៅ។បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្តដែលបានអញ្ជើញមកទស្សនាកម្សា ន្តនៅរមណីយដ្ឋានភ្នំសំពៅ បានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋបា លខេត្តបាត់ដំបង ក្នុងការ រៀបចំគោល ដៅទេសចរណ៍មួយនេះបានកាន់តែស្រស់ស្អាតប្លែក និងមានភាពទាក់ទាញមកទស្សនាហើយចង់មកទស្សនាម្ដងទៀតដោយមិនជិនណាយ។

ឯកឧត្តមថាភ្នំសំពៅជាគោលដៅទេសចរណ៍ដ៏សំខាន់ និងជាបេះដូងទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងខេត្តបាត់ដំបង ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ។ ភ្ញៀវទេសចរដែលមកលេងខេត្តបាត់ ដំបងគឺកម្ររំលងទីតាំងនៃរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំសំពៅនេះណាស់ដោយសារតែនៅទីនេះគឺមានសក្តានុពលយ៉ាងទាក់ទាញដ៏សម្បូរបែប។
សូមបញ្ជាក់ថា ភ្នំសំពៅជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុង ឃុំភ្នំសំពៅ ស្រុកបាណន់មានចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ អ្វីដែលពិសេសនោះគឺទស្សនីយភាពហ្វូងសត្វប្រចៀវរាប់លានក្បាលដែលហោះចេញពីល្អាង។ជារៀងរាល់ថ្ងៃនៅមុនពេលសូរិយារៀបអស្តង្គតគឺជាពេលវេលាដ៏ជាក់លាក់ដែលហ្វូងសត្វប្រចៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃនិងតម្រង់ជួរគ្នាចេញពីរូងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី ៕
ដោយ៖ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង





