អគ្គលេខាធិការរងអាជ្ញាធរទន្លេសាបដឹកនាំកិច្ចប្រជុំពិភាក្សា តាមដានការកាប់ទន្រ្ទានព្រៃលិចទឹកតំបន់៣ ក្នុងខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦--
ឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការតាមដាន និងត្រួតពិនិត្យលើការកាប់ទន្ទ្រានព្រៃលិចទឹក និងការបន្តចូលអាស្រ័យផលក្នុងតំបន់៣ ដែលជាតំបន់ត្រូវការពារ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
កិច្ចប្រជុំមានគោលបំណងមានគោលបំណងសំខាន់ចំនួន៦៖ ទី១. ពិនិត្យ និងតាមដានស្ថានភាពទូទៅ និងការចុះដល់ ទីតាំងជាក់ស្តែងលើការចូលកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣ ទី២. ពិនិត្យការបន្តចូលអាស្រ័យផល និងការប្រើប្រាស់ដីក្នុងតំបន់៣ ដែលខុសពីបទប្បញ្ញត្តិច្បាប់ ទី៣. ពិនិត្យសកម្មភាពនៃការដាំឈូក និងការកាន់កាប់ដីក្នុងតំបន់៣ ទី៤. ពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ និងមន្ទីរជំនាញ ក្នុងការទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិ ទី៥. ជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធលើការគ្រប់គ្រងតំបន់៣នៃដែនព្រៃលិចទឹកឱ្យបានម៉ឺងម៉ាត់ និងទី៦. លើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការថែរក្សាព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។

ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីអភិបាលរងស្រុកសង្កែ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរធនធានទឹក និងឧតុនិយម មន្ត្រីភូមិបាលស្រុក នាយផ្នែកជលផលស្រុកសង្កែ នាយករងរដ្ឋបាលស្រុក និងមន្ត្រីកងរាជអាវុធហត្ថស្រុកសង្កែ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





