អង្គការ CI រៀបចំសិក្ខាសាលាដើម្បីត្រៀមលក្ខណៈរបស់កម្ពុជាសម្រាប់ការចូលរួមទីផ្សារកាបូនអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦--
អង្គការ CI បានត្រៀមលក្ខណៈរួចរាល់សម្រាប់ការចូលរួមទីផ្សារកាបូនអន្តរជាតិ ក្រោមមាត្រា៦ ជាជំហានដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងសកម្មភាពអាកាសធាតុសកលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទំនុកចិត្ត។

ដោយឃើញពីសារៈសំខាន់នេះ អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) គាំទ្រដល់ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «វិធានប្រតិបត្តិមាត្រា៦ និងយន្តការទីផ្សារកាបូននៅកម្ពុជា» នៅខេត្តកែប នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការណែនាំស្តីពីប្រតិបត្តិការការងារស្របតាមមាត្រា៦ និងក្របខណ្ឌស្ថាប័នក្នុងចំណោមភាគីពាក់ព័ន្ធ ព្រមទាំងផ្តល់នូវបច្ចុប្បន្នភាពស្តីពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការចូលរួមក្នុងទីផ្សារកាបូនអន្តរជាតិ និងការបង្កើតបញ្ជីសារពើភណ្ឌកាបូនជាតិផង។ អ្នកចូលរួមរួមមានតំណាងមកពីក្រសួងបរិស្ថាន លេខាធិការដ្ឋានឥណទានកាបូន និងរេដបូក ក្រសួង និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ៤០ នាក់ បានស្វែងយល់ពីឱកាស និងបញ្ហាប្រឈមសម្រាប់ការអនុវត្តសៀវភៅណែនាំមាត្រា៦ ព្រមទាំងបានផ្តល់ធាតុចូលក្នុងការកំណត់ជំហានបន្ទាប់សម្រាប់ការកសាងសមត្ថភាព ការពង្រឹងស្ថាប័ន និងការចូលរួមក្នុងការអភិវឌ្ឍទីផ្សារកាបូននៅកម្ពុជាប្រកបដោយចីរភាព។

សូមជម្រាបជូនថា វិធានប្រតិបត្តិមាត្រា៦ ជាឯកសារមគ្គុទេសក៍ដ៏សំខាន់សម្រាប់អ្នកអភិវឌ្ឍគម្រោង អ្នកទិញកាបូន និងក្រសួងពាក់ព័ន្ធនានា ដើម្បីធានាថាការអនុវត្តយន្តការមាត្រា៦ នៅក្នុងប្រទេសកម្ពុជា មានតម្លាភាព មានភាពទៀងទាត់ និងស្របតាមស្តង់ដារអន្តរជាតិ៕
ដោយ ណយ នឿន (ប្រភព៖ CI)





