ការដាក់ឱ្យដំណើរការថ្នាលទិន្នន័យ DHIS2 គឺជាជំហានសំខាន់មួយឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលដែលរឹងមាំ ឆ្លាតវៃ និងមានភាពធន់ សម្រាប់ប្រជាជនកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦--
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល ថ្នាលទិន្នន័យ DHIS2 កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍ វិស័យឯកជន និងមន្រ្តីសុខាភិបាលពាក់ព័ន្ធ សរុប ២៤៦នាក់ ព្រមទាំងចូលរួមតាមប្រព័ន្ធ Zoom រួមមាន មន្ទីរពេទ្យរាជធានី ខេត្ត ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព សរុប១៥០០នាក់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការថ្នាលទិន្នន័យ DHIS2 គឺជាជំហានសំខាន់មួយឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលដែលរឹងមាំ ឆ្លាតវៃ និងមានភាពធន់ សម្រាប់ប្រជាជនកម្ពុជា។ កម្ពុជាកំពុងពន្លឿនកំណែទម្រង់ប្រព័ន្ធសុខាភិបាលឌីជីថល តាមរយៈការផ្លាស់ប្តូរពីប្រព័ន្ធ HMIS (Health Management Information System) ទៅកាន់ប្រព័ន្ធ DHIS2 (District Health Information Software 2) ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក និងដៃគូអន្តរជាតិ។ការកែទម្រង់ដ៏សំខាន់នេះនឹងជួយពង្រឹងអភិបាលកិច្ច បង្កើនសមត្ថភាពភ្ជាប់ទិន្នន័យសុខាភិបាល ពង្រឹងអធិបតេយ្យភាពលើប្រព័ន្ធព័ត៌មាន និងគាំទ្រការសម្រេចចិត្តផ្អែកលើទិន្នន័យ ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគុណភាពកាន់តែប្រសើរ។

ក្រសួងសុខាភិបាលក៏កំពុងវិនិយោគលើធនធានមនុស្ស សមត្ថភាពឌីជីថល និងការកសាងស្ថាបត្យកម្មព័ត៌មានសុខាភិបាលជាតិទំនើប ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





