ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារផែនធនធានមនុស្ស
AKP កំពង់ធំ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ --
ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្ស កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា និងលើកទិសដៅអនុវត្តបន្តរបស់ផែនការងារធនធានមនុស្ស ដែលមានមន្ត្រីនគរបាលចូលរួមចំនួន ៣៥នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានកោតសរសើរចំពោះលទ្ធផលការងារដែលបងប្អូនកងកម្លាំងយើង ចូលរួមសម្រេចបានលើការអនុវត្ត តួនាទី ភារកិច្ចជំនាញនិងបេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនជាតិមាតុភូមិ នាពេលកន្លងមក រហូតទទួលបានស្នាដៃយ៉ាងត្រចះត្រចង់ ជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ដាក់ទិសដៅការងារចំនួន៦ ចំណុចដល់បងប្អូនកងកម្លាំងអនុវត្តបន្តរួមមាន÷ ទី១.ពង្រឹងបទវិន័យរបស់កងកម្លាំងនគរបាលជាតិកម្ពុជា។ ទី២.ពង្រឹងរបៀបរបបការងារជំនាញតាមបែបការងាររដ្ឋបាលក្នុងនោះរួមមាន រចនាសម្ព័ន្ធ របាយការណ៍ និងរូបភាព។ ទី៣.បន្តចូលរួមការងារសង្គម យកអាសារគ្នានាគ្រាជួបការលំបាកជាមួយកងកម្លាំង និងកងកម្លាំង និងជាមួយមហាជនទូទៅ។ ទី៤.បន្តពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សារៀនសូត្រស្របតាមសម័យកាលនៃប្រទេសជាតិកំពុងមានភាពរីកចម្រើនគ្រប់វិស័យ។ ទី៥.ថែទាំសុខភាពតាមរយៈការធ្វើអនាម័យ រស់នៅស្អាត បរិភោគស្អាត ហាត់ប្រាណពង្រឹងកាយសម្បទា និងទី៦.បន្តថែរក្សាការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីបន្តចូលរួមបម្រើការងារជូនសង្គមជាតិ និងប្រជាពលរដ្ឋ ស្របតាមគោលការណ៏នានារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៕

ដោយ៖ ស៊ុម វណ្ណា





