ខេត្តបន្ទាយមានជ័យ ត្រៀមរៀបចំខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម ដើម្បីកៀរគរជំនួយសង្គ្រោះពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ --
ក្នុងស្មារតីមនុស្សធម៌ និងការចែករំលែកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ស្តីពីការត្រៀមរៀបចំប្រារព្ធអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំ (ក) សាលាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្តយ៉ាងច្រើនរូប។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំផែនការ និងយុទ្ធសាស្ត្រក្នុងការកៀរគររកប្រភពទុន សម្ភារ និងថវិកាពីសប្បុរសជននានាសម្រាប់យកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យទាំងមូល។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើតម្លៃនៃការរួបរួមគ្នា និងទឹកចិត្តសប្បុរសធម៌ ស្របតាមទិសស្លោកស្នូលរបស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់មន្ទីរ អង្គភាព និងសប្បុរសជនទាំងអស់ដែលតែងតែឈរនៅក្បែរប្រជាពលរដ្ឋក្នុងគ្រាលំបាក។ «ការចូលរួមចំណែក ទោះតិចក្តីច្រើនក្តីពីគ្រប់មន្ទីរ អង្គភាព និងសប្បុរសជនទាំងអស់ គឺជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជួយសង្គ្រោះជីវិត និងសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង។ យើងមិនត្រូវទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយមិនមានការជួយជ្រោមជ្រែងនោះឡើយ»។ នេះជាប្រសាសន៍បន្ថែមរបស់ ឯកឧត្តម អ៊ុំ រាត្រី។

ដើម្បីឱ្យការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ខួបទី១៦៣ នេះប្រព្រឹត្តទៅនាពេលខាងមុខដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កាខ្ពស់ គណៈកម្មាធិការបានដាក់ចេញនូវវិធានការសំខាន់ៗដូចខាងក្រោម បង្កើនការផ្សព្វផ្សាយជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគោលបំណងនៃទិវានេះ ដើម្បីដាស់តឿនស្មារតីមនុស្សធម៌ក្នុងសង្គម។ ពង្រឹងកិច្ចសហការ ត្រូវបង្កើនកិច្ចសហការជិតស្និទ្ធរវាងមន្ទីរជុំវិញខេត្ត វិស័យឯកជន និងសប្បុរសជនគ្រប់ទិសទី ដើម្បីរួមគ្នាកសាងមូលនិធិមនុស្សធម៌ឱ្យកាន់តែរឹងមាំ។ តម្លាភាពក្នុងការគ្រប់គ្រងធានាឱ្យបាននូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការប្រមូល និងបែងចែកជំនួយទៅដល់ដៃជនរងគ្រោះពិតប្រាកដ និងទាន់ពេលវេលា។

កិច្ចប្រជុំទទួលបានការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបេសកកម្មបម្រើការងារមនុស្សធម៌ ដើម្បីនាំមកនូវស្នាមញញឹម និងសេចក្តីសង្ឃឹមដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ៕
ដោយ៖ ឈុន សារ៉ាត





