កិច្ចប្រជុំពិភាក្សាលល្អិតលើកទីបីព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក
AKP កំពង់ធំ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦--
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំពិភាក្សាលម្អិតលើកទីបីស្តីពីព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុកជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនានា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពង់ធំ។

ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា ថ្ងៃនេះគីជាលើកទីបីក្នុងកិច្ចប្រជុំពិភាក្សាលម្អិតបន្ថែមទៀត ក្នុងគោលបំណងដើម្បីឱ្យប្រាកដថាមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបីបានសហការជាមួយគ្នានឹងមានផែនច្បាស់លាស់ព្រមទាំងមានត្រៀមលក្ខណៈរួចរាល់សំរាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលធ្វើឱ្យប្រជាជននៅខេត្តកំពង់ធំទាំងអស់មានមោទនភាពក្រៃលែងហើយជាសកម្មភាពភាពមួយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាប្រាសាទសំបូរព្រៃគុហ៍កាន់តែច្រើនឡើង។គោលបំណងធំនៃកិច្ចពិភាក្សានេះគឺដើម្បីបង្ហាញនូវផែនដីផ្លូវជាក់លាក់មួយច្បាស់លាស់ព្រមទាំងកិច្ចការទទួលខុស ត្រូវរបស់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរវប្បធម៌ មន្ទីរទេសចរណ៍
ន្ទីរសុខាភិបាល អាជ្ញាធរសំបូរព្រៃគុហ៍ ក្រុមការងារស.ស.យ.ក កងកម្លាំងមានសមត្ថកិច្ចដើម្បីធ្វើយ៉ាងណាឱ្យដំណើរការកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ។

លោក ហាន កុសលអភិបាលរងខេត្តកំពង់ធំបាន លើកឡើងថាការប្រជុំថ្ងៃនេះដើម្បីបង្ហាញពីភាពច្បាស់លាស់នៃអង្គភាពពាក់ព័ន្ធក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសទីកន្លែងសម្ភារៈថវិកា សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
សូមជម្រាបថាកម្មវិធីជិះកង់ និងរត់ឆ្លងឧបសគ្គប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ដោយបានបែងចែកពេលវេលាជួបជុំ៖ ១. ម៉ោង ៤៖៣០ នាទីព្រឹក ជួបជុំកីឡាករកីឡាការិនី រត់ឆ្លងឧបសគ្គចម្ងាយ ៤២គ.ម ចេញពីគល់ស្ពានចាស់ក្រុងស្ទឹងសែនទៅប្រាសាទសំបូរព្រៃគុក។ ២. ម៉ោង៥ព្រឹក ប្រជុំកីឡាករកីឡាការិនីជិះកង់ចេញពីគល់ស្ពានចាស់ក្រុងស្ទឹងសែនចម្ងាយ៣២គីឡូម៉ែត្រទៅប្រាសាទសំបូរព្រៃគុក។

មហាព្រឹត្តិការណ៍នេះបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុហ៍។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ មានឈ្មោះថា "ផ្លូវឆ្ពោះទៅរាជធានីឥសានបុរៈចេនឡាមុនសម័យអង្គរ" ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះដែលមានអ្នកចូលរួមជាងពីរពាន់នាក់ដោយធ្វើដំណើរពីស្ពានចាស់ក្នុងទីរួមខេត្តកំពង់ធំឆ្ពោះទៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដែលមានទីតាំងបញ្ចប់នៅប្រាសាទជ្រៃ៕
ដោយ ស៊ុម វណ្ណា





