ក្រសួងវប្បធម៌នឹងរៀបចំ "មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦"ចាប់ពីថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ —ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នឹងរៀបចំ កម្មវិធី "មហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦" ក្រោមប្រធានបទ "ចង្កឹះមួយបាច់"ដែលនឹងប្រារព្ធឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌បានឱ្យដឹងនៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៦ថាការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ គឺក្នុងគោលបំណងដើម្បីចូលរួមថែរក្សា លើកស្ទួយ និងអភិរក្សតម្លៃសិល្បៈវប្បធម៌ ជាតិ ជាពិសេសលើកទឹកចិត្តដល់សិល្បករល្ខោននិយាយឱ្យមានលទ្ធភាពចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយវប្បធម៌ ព្រមទាំងបានបង្ហាញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួនដល់មហាជនឱ្យបានស្គាល់ និងបានដឹងនូវតម្លៃនៃ សិល្បៈអរូបីមួយនេះ។ពិធីនេះក៏នឹងមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្នុងសេចក្តីជូនដំណឹងដដែលនេះក្រសួងវប្បធម៌បានឱ្យដឹងផងថាមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ២០២៦នេះដែរ ក្រសួងនឹងរៀបចំឱ្យសិល្បករ អង្គការ សមាគម សិល្បៈមហាជនទូទាំងប្រទេសដែលមានចំណេះជំនាញល្ខោននិយាយ បានចូលរួមប្រកួតប្រជែង។

ជាមួយគ្នានេះក្រសួងវប្បធម៌បានឱ្យដឹងដែរថាបេក្ខជន ដែលឈ្នះការប្រកួតប្រជែងក្នុង “មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ២០២៦” នឹងទទួលបានដូចជាជ័យលាភីលេខ១ ទទួលបានពានមាស ១ប្រកាសនីយបត្រ និងប្រាក់រង្វាន់។ចំពោះជ័យលាភីលេខ២ នឹងទទួលបានពានប្រាក់ ១ ប្រកាសនីយបត្រ និងប្រាក់រង្វាន់ និងជ័យលាភីលេខ៣ ទទួលបានពានសំរឹទ្ធ ១ ប្រកាសនីយបត្រ និងប្រាក់រង្វាន់៕

ដោយ៖មករា





